កំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យដើរកាត់ខ្សែកអ្នកចូលរួមក្នុងពិធីបុណ្យផ្សេងៗតាមវត្តអារាមយកទៅសួរនាំនិងបញ្ជូនសំណុំរឿងទៅតុលាការ។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ជា យ៉ា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូង សង្កាត់កោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាពកាត់ខ្សែកផ្លាកទីនក្មេងប្រុសម្នាក់ដែលជាកូនរបស់ឈ្មោះ កែវ សុខគា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ខណៈពេលពេលម្តាយជនរងគ្រោះពរកូនដើរលេងបុណ្យវិសាខបូជានៅវត្តកំពុងឈរមើលល្ខោនស្រាប់តែជនសង្ស័យឈ្មោះ ជា យ៉ា បានលូកដៃកាត់យកខ្សែកផ្លាកទីនទម្ងន់ ១ជីកន្លះពីកកូនរួចដើរគេចខ្លួន ពេលនោះម្តាយជនរងគ្រោះមើលខ្សែកកូនស្រាប់តែបាត់ខ្សែកទើបដឹងថាឈ្មោះ ជា យ៉ា ជាអ្នកកាត់ក៏បានឆោឡោ ភ្លាមនោះកំលាំងសមត្ថកិច្ចសហការជាមួយប្រជាការពារធ្វើការឃាត់ខ្លួនបានជនសង្ស័យនិងបាននាំខ្លួនមកអធិការស្រុកដើម្បីសួរនាំ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពកាត់យកខ្សែករបស់កូនជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ និងត្រូវបានតំណាងអយ្យការចោទប្រកាន់ និងចៅក្រមបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រីឯវត្ថុតាងប្រគល់ជូនទៅម្តាយជនរងគ្រោះវិញ៕