អូស្ត្រាលី៖ ក្រុមអ្នកបរិស្ថានវិទ្យាបានព្រមានថា សត្វកង់ហ្គូរូរបស់អូស្ត្រាលីអាចនឹងត្រូវបានសម្លាប់ក្នុងចំនួនតួលេខស្ពស់គួរឱ្យព្រួយបារម្ភ ប្រសិនបើរដ្ឋាភិបាលមិនបានពិនិត្យឱ្យដិតដល់លើចំនួនសរុបនៃសត្វនេះ ហើយនៅតែបន្តឱ្យមានការបរបាញ់ និងសម្លាប់សត្វកង់ហ្គូរូក្នុងទ្រង់ទ្រាយធំជាលក្ខណៈឧស្សាហកម្មបែបនេះ។
ចំពោះពិភពលោកទាំងមូល សត្វកង់ហ្គូរូគឺជានិមិត្តសញ្ញាដែលអាចស្គាល់បានភ្លាមៗនៃទីរហោស្ថានអូស្ត្រាលី ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញ តួលេខដ៏ច្រើនសម្បើមនៃសត្វនេះបានបង្កជាបញ្ហា និងភាពឈឺក្បាលជាខ្លាំងចំពោះបរិស្ថាន។ ចំនួនតួលេខសត្វកង់ហ្គូរូរបស់អូស្ត្រាលីមានការឡើងចុះជាវដ្តទៅហើយ ដោយសត្វនេះបានកើនឡើងច្រើននៅរដូវវស្សាដែលសំបូរចំណី ដែលតួលេខសត្វកង់ហ្គូរូអាចកើនឡើងដល់រាប់សិបលានក្បាល។
យ៉ាងណាមិញ ចំនួនតួលេខនៃសត្វកង់ហ្គូរូមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័សនារដូវក្តៅ ដែលអ្នកផ្នែកបរិស្ថានបានបញ្ជាក់ថាសត្វកង់ហ្គូរូទាំងអស់នោះអាចនឹងស្លាប់ដោយសារការអត់ឃ្លាន និងកង្វះអាហារ។ ថ្លែងប្រាប់សារព័ត៌មាន អ្នកជំនាញផ្នែកបរិស្ថានវិទ្យាបានបញ្ជាក់ថា កាលពីរដូវក្តៅ និងរាំងស្ងួតឆ្នាំមុន សត្វកង់ហ្គូរូប្រមាណជា ៨០ ទៅ ៩០ភាគរយនៃតំបន់ខ្លះបានងាប់ដោយសារការអត់ឃ្លាន។ ពួកសត្វនេះបានដេកស្លាប់ពាសពេញ ខ្លះបានចូលទៅក្នុងបន្ទប់ទឹកសាធារណៈស៊ីក្រដាសអនាម័យ និងមានខ្លះទៀតដេកងាប់នៅតាមផ្លូវដោយមានកូនក្នុងថ្នក់ទៀតផង។
អ្នកជំនាញផ្នែកបរិស្ថានដដែលបានបន្តថា មធ្យោបាយដ៏សមស្របមួយក្នុងការដោះស្រាយបញ្ហានេះគឺការប្រមាញ់សត្វនេះ ហើយប្រមូលយកសាច់វា ដើម្បីឱ្យតួលេខសត្វនេះអាចស្ថិតក្នុងកម្រិតមួយដែលអាចតាមដានបាន។ គួរឱ្យដឹងថា សត្វកង់ហ្គូរូគឺជាសត្វដែលត្រូវបានការពារនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែក្នុងប្រភេទជាសត្វទូទៅប៉ុណ្ណោះ ពុំមែនជាអម្បូរគ្រោះថ្នាក់ជិតផុតពូជទេ និងមានន័យថាគេអាចបាញ់សម្លាប់ និងប្រមាញ់សត្វនេះនៅតាមរដ្ឋនានាស្ទើរទូទាំងប្រទេសអូស្រ្តាលី ដោយត្រូវមានការអនុញ្ញាតអាជ្ញាបណ្ណពីរដ្ឋាភិបាល។
តាមទិន្នន័យជារៀងរាល់ឆ្នាំ សត្វកង់ហ្គូរូប្រមាណជា ៥លានក្បាលត្រូវបានបាញ់សម្លាប់ដោយក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក ដើម្បីប្រមូលយកសាច់, ធ្វើជាចំណីសត្វចិញ្ចឹម និងយកស្បែកជាដើម។ សមាគមឧស្សាហកម្មកង់ហ្គូរូនៃប្រទេសអូស្ត្រាលីជឿជាក់ថាប្រទេសនេះកំពុងស្ថិតនៅក្នុងវិបត្តនៃចំនួនតួលេខសត្វកង់ហ្គូរូមានចំនួនច្រើនខ្លាំង។ បច្ចុប្បន្ននេះតួលេខសត្វកង់ហ្គូរូនៅក្នុងប្រទេសអូស្រ្តាលីមានចំនួនប្រមាណជា ៣០លានក្បាល ប៉ុន្តែតួលេខនេះត្រូវបានគេជឿជាក់ថានឹងអាចក់់នឡើងដល់ ៦០លានក្បាលនាពេលខាងមុខ ខណៈអូស្រ្តាលីមានប្រជាជនប្រមាណ ២៧លាននាក់ប៉ុណ្ណោះ៕