ភ្នំពេញ៖ អតីតនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលសកម្មធ្វើសកម្មភាពប្រឆាំងវៀតណាមក្នុងឆ្នាំ១៩៩៩ និងដើមឆ្នាំ២០០០ លោក នីន តារារតន៍ បានស្នើសុំចុះចូលជាមួយបក្សប្រជាជន និងសុំនាយករដ្ឋមន្ត្រីសន្ដោសប្រណីកំហុសដែលប្រព្រឹត្តខុសពីកន្លងទៅ។
លោក នីន តារារតន៍ បានដាក់លិខិតមួយច្បាប់គោរពជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកឡើងថាក្រុមចលនានិស្សិតដើម្បីលិទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៩ មានលោក សារ៉ូ ស៊ីវុត្ថា និងទូច វិបុលជាប្រធាន ដោយមានមនុស្សមួយចំនួនទៀតរួមទាំង ប៉ាង សុខខឿន, អ៊ុំ សំអាន, ហ៊ីង សុខសាន្ត, ស៊ន តារា, សេង សារី និង អៀ ចាន់ណា ជាដើម។
លោកបន្ថែមថា ក្រោយពីក្រុមនេះត្រូវបានលោក អ៊ុំ សំអាន ឡើងមកដឹកនាំ និងលោក ស ឡុងដេត ឡើងជាអគ្គលេខាធិការ បានប្រព្រឹត្តិទង្វើស្មោគគ្រោក អសីលធម៌ ខ្វះការពិចារណា ងប់ងល់ តែធ្វើបាតុកម្ម និងជេប្រមាថរដ្ឋាភិបាល ទើបលោក និងលោក សេង សារី បានចេញពីក្រុមនិស្សិតនេះវិញដោយបន្តការងាររៀងខ្លួនដល់សព្វថ្ងៃ។
ក្រោយពីបានដឹងនូវទង្វើដែលខ្លួនធ្លាប់ឆ្គាំឆ្គងនេះលោក នីន តារារតន៍ បានគោរពស្នើសុំក្ដីសណ្ដោលប្រណីពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនផងដែរ។
លោកបានលើកឡើងក្នុងលិខិតនោះថា៖ «សូមសម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្ដាជ្រាប អនុគ្រោះដល់ខ្ញុំបាទដោយក្ដីសណ្ដោសនូវសកម្មភាពខុសឆ្គងកន្លងមក និងអនុញ្ញាតឱ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដើម្បីបានបំរើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិត»។
លោកក៏បានបង្ហោះវីដេអូស្នើសុំការចុះចូលមួយផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបដោយបានបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្ដេចនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះថា៖ «សូមស្វាគមន៍លោកនីន តារារតន៍មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
គួរឱ្យដឹងផងដែរនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ មានចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនកាន់តែច្រើនពីសកម្មជនដែលធ្លាប់តែប្រឆាំងរាជរដ្ឋាភិបាល។ ការស្នើសុំចុះចូលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនស្វាគមន៍ជាបន្តបន្ទាប់ផងដែរ៕