ការតស៊ូរបស់កីឡាការិនី ប៊ូ សំណាង ធ្វើឱ្យសម្តេចតេជោ និងភរិយា រំជួលចិត្តផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាការិនី ប៊ូ សំណាង ដែលប្រកួតលើវិញ្ញាសារត់ចម្ងាយ៥ពាន់ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀងទាំងស្រក់ទឹកភ្នែករហូតដល់គោលដៅដោយមិនបោះបង់ការប្រកួត បើទោះបីខ្លួនរត់មកដល់ទីចុងក្រោយក៏ដោយ។
កីឡាការិនី ប៊ូ សំណាង រត់បណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ បណ្តាលឱ្យមហាជនរំជួលចិត្ត និងបានលើកទឹកចិត្តដល់កីឡាការិនីរូបនេះកុំឱ្យបាក់ទឹកចិត្តបើទោះបីមិនបានឈានដល់វគ្តបន្តក៏ដោយ។ ការនេះក៏បានធ្វើឱ្យសម្តេចតេជោរំជួលចិត្តផងដែរ ដោយសម្តេចតេជោបានប្រកាសពីប្រទេសឥណ្ឌូណេស៊ីថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាការិនី ប៊ូ សំណាង ចំនួន ១ម៉ឺនដុល្លារ។
សម្តេចបានថ្លែងនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនីប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ (10,000$)។សូមលោកសេង ទៀងយកថវិការជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ»។
ក្រៅពីសម្តេចតេជោ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញកីឡាការិនី ប៊ូ សំណាង ជួបសម្តែងការគួរសម ហើយលោកក៏បានផ្តល់ថវិកាលើកទឹកចិត្តចំនួន ១លានរៀល និងថវិកាចំនួន ៧លានរៀលពីស្ថាប័ននានាផងដែរ។ បន្ថែមពីនេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសផ្តល់ថវិកាលើកទឹកចិត្តចំនួន ៥លានរៀលដល់កីឡាការិនី ប៊ូ សំណាង ផងដែរ៕