ប៊ួ ខាវ ដឹកនាំកីឡាករប្រដាល់ឃីកបុកស៊ីងមកប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាដោយសង្ឃឹមឈ្នះមេដាយមាស៦គ្រឿង
ភ្នំពេញ៖ លោក ប៊ួ ខាវ បានដឹកនាំគណៈប្រតិភូកីឡា ក្រុមគ្រូបង្វឹក និងក្រុមកីឡាករ Kick Boxing ប្រមាណ២០នាក់ ដើម្បីមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា និង បានតាំងចិត្តខ្ពស់ក្នុងការឈ្នះមេដាយមាស ៦ គ្រឿងត្រលប់ទៅកាន់មាតុភូមិខ្លួនវិញផងដែរ។ នេះយោងតាមការសាររបស់លោក ប៊ួ ខាវ នៅលើបណ្តាញសង្គមផ្លូវការរបស់លោក នៅថ្ងៃទី១០ ខែឧសភា នេះ។
តាមរយៈសាររបស់លោក ប៊ួ ខាវ ឱ្យដឹងថា៖ «Sombat Buakaw Banchamek បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំក្រុមប្រដាល់សេរីជាតិថៃ និងក្រុម Sea Games នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមជើងហោះហើរ Bangkok Airways PG933។ អាកាសយានដ្ឋានសុវណ្ណភូមិ។ សមាគមបញ្ជូនកីឡាករប្រដាល់សេរីទាំង១៧ជំនាន់ទៅវគ្គផ្តាច់ព្រ័ត្រដោយសង្ឃឹមឈ្នះមេដាយមាស៦»។
ជាមួយគ្នានេះដែរ លោក ស្រី ចាន់ថន អនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា ទន្ទឹមនឹងការមកដល់របស់ លោក ប៊ួ ខាវ ជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់ថៃ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភា នៅស៊ីហ្គេម២០២៣ លោកសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់រក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំ និង សំណូមពរតាមផេកលើបណ្តាញសង្គម កុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុង ឱ្យមានកំហឹងក្នុងន័យរក្សាចំណងមិត្តភាពអាស៊ាន។
លោក ស្រី ចាន់ថន ថា៖ «បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយមកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយសំរាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុងបញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន» (ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន)។
គួរឱ្យដឹងដែរថា វិញ្ញាសាឃីកបុកស៊ីង (Kick boxing) នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់១៧ ខែ ឧសភា នៅពហុកីឡដ្ឋានមរតតេជោ៕