ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា៖ ជនមានពិការភាពមានសិទ្ធិជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល

កំពង់ស្ពឺ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែងថា ជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការ ជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល និងអាចទទួលបានគម្រោងជំនួយសម្រាប់អ្នកអត់ការងារធ្វើ។

លោក ឯម ច័ន្ទមករា លើកឡើងដូចនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនពិការ ដែលមានការចូលរួមពី តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច និងតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុណ្ណារ៉េត ផងដែរ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីនេះ លោកបានបញ្ជាក់ថា ជនមានពិការភាពមានសិទ្ធិទទួលស្តង់ដារសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ ជារួមគឺសេវាថែទាំសុខភាពជាមូលដ្ឋាន និងតម្លៃសមរម្យ ព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពលកម្មកាយសម្បទា ឬមន្ទីពេទ្យរដ្ឋ។

លោកបានបន្ថែមទៀតថា ជនមានពិការភាពមនុស្សគ្រប់រូបមានសិទ្ធិទទួលបានរបបសន្តិសុខសង្គម រួមទាំងការធានារ៉ាប់រងសង្គមដែលមានផងដែរ ដែលជួយពួកគាត់ ក្នុងការធានានូវមធ្យោបាយសម្រាប់ជីវិតដ៏ថ្លៃថ្នូរ និងសមរម្យ។

ជាមួយគ្នាដែរ រដ្ឋលេខាធិការរូបនេះគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក វិស័យពិការភាពមានការរីកចំរើន ហើយការធ្វើបរិយាបន្នពិការភាពទៅក្នុងការផ្តល់សេវាសាធារណៈ និងការអនុវត្តកម្មជាតិផ្សេងៗដូចជាការកម្មវិធីកិច្ចគាំពារសង្គមជាដើម ក៏ត្រូវបានផ្តល់អាទិភាពសម្រាប់ជនមានពិការភាព។

ក្នុងឱកាសនោះដែរ តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុណ្ណារ៉េត បានលើកឡើងថា វគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ គឺជាកាលានុវត្តភាពមួយថ្មី សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ក្នុងការពង្រីកនូវចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ មានលទ្ធភាពធ្វើការផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងបន្តអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការដល់អ្នកពាក់ព័ន្ធ និងសហគមន៍ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញានេះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងទិសដៅចម្បងគឺបម្រើឲ្យផលប្រយោជន៍បងប្អូនជនពិការ។

តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច ក៏បានគូសបញ្ជាក់ថា ជនពិការគួរតែមានសិទ្ធិចូលទៅកាន់បរិយាកាសទូលំទូលាយ ដើម្បីស្វែងរកសក្តានុពលរបស់ពួកគេក្នុងនាមបុគ្គល និងជាពលរដ្ឋ។ លទ្ធភាពទទួលបានគឺជាលក្ខខណ្ឌជាមុនសម្រាប់ជនពិការក្នុងការរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ និងស្មើភាពនៅក្នុងសង្គម។ ប្រសិនបើគ្មានលទ្ធភាពទទួលបានបរិយាកាសរូបវន្ត ការដឹកជញ្ជូន ព័ត៌មាន និងទំនាក់ទំនង បច្ចេកវិទ្យា និងមធ្យោបាយ និងសេវាកម្មផ្សេងទៀត ជនពិការនឹងមិនមានឱកាសស្មើគ្នាសម្រាប់ការចូលរួមក្នុងសង្គមរបស់ពួកគេឡើយ។

លោកស្រីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនបន្ថែមទៀតនូវឧបករណ៍ និងចំណេះដឹងដែលអ្នកត្រូវការ ដើម្បីបំពេញបេសកកម្មដ៏សំខាន់របស់អ្នកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាន សិទ្ធិមនុស្សនិងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក