កីឡាការនី ស្រួង ភាវី៖ ក្រោមម្លប់សន្តិភាព យើងធ្វើអ្វីៗបានគ្រប់យ៉ាង ហេីយទទួលបានផ្លែផ្កាគួរជាទីមោទនភាព
ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី ដែលបានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឱ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំង បានលើកឡើងថា «ក្រោមម្លប់សន្តិភាព យើងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយទទួលបានផ្លែផ្កាគួរជាទីមោទនភាព»។
តាមរយៈសារបង្ហោះលើបណ្តាញសង្គមរបស់កីឡាការិនីប៊ីយ៉ា-ស្នូកឃ័រ ស្រួង ភាវី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា កីឡាការនីរូបនេះ បានឃើញភាពសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនខ្មែរ ចូលរួមជួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ។
កីឡាការនី ស្រូង ភាវី គូសបញ្ជាក់ថា «នេះសបញ្ជាក់ឱ្យឃើញថា ក្រោមម្លប់សន្តិភាព យេីងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយទទួលបានផ្លែផ្កាគួរជាទីមោទនភាព។ សូមថ្វាយការគោរពចំពោះព្រះមហាក្សត្រ សូមគោរពថ្នាក់ដឹកនាំ សូមគោរពប្រជាជនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា»។
កីឡាការិនី ស្រួង ភាវី ក៏បានកោតសសើរ ថ្នាក់ដឹកនាំមានភាពវៃឆ្លាតក្នុងការគ្រប់គ្រង និងចាត់តាំងអ្នកមុខ អ្នកការ គ្រប់ជំនាញដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ហើយគ្រប់បណ្ដាផលិតកម្មធំៗ បាននិពន្ធ តាក់តែង និងច្រៀងចម្រៀងដែលជាអត្ថន័យដាស់ព្រលឹងខ្មែរឱ្យភ្ញាក់ឡើងវិញ រួមទាំងកំពូលៗសិល្បករ សិល្បការិនី ទាំងអស់ដែលសុទ្ធតែ បន្លឺនូវសូរសៀងរបស់ខ្លួនថា «ខ្មែរអើយកុំភ្លេចសាវតារ ខ្មែរអើយយើងធ្លាប់ជាមហានគរ ខ្មែរអើយរួបរួមគ្នា»។
ម្ចាស់មេដាយមាសនារីផ្នែក ប៊ីយ៉ា-ស្នូកឃ័រ រូបនេះថា៖ កីឡាករ កីឡាការិនីកម្ពុជាគ្រប់ប្រភេទទាំងអស់ សុទ្ធតែមានសមត្ថភាព គ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបរទេស ហើយសន្ទុះនៃការគាំទ្រវិស័យកីឡារបស់ប្រជាជនខ្មែរលើសលប់ដោយនឹកស្មានមិនដល់។
គួរឱ្យដឹងដែរថា កីឡាការិនី ស្រួង ភាវី ទទួលបានមេដាយមាសលើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ នៃវិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម (៣បាំង) ក្រោយយកឈ្នះគូប្រកួតកីឡាការិនីវៀតណាម Hong Yen Nhi Nguyenក្នុងលទ្ធផល ២៥-២០ ដែលប្រកួតនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ នាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕