ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ ដោយសារបើកត្រាក់ទ័រភ្ជួរដីចម្ការប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះស្លាប់បែកសាច់ជាចម្រៀកៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូរត្រាង ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ង៉ែត ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានបើកត្រាក់ទ័រភ្ជួរដីចម្ការដើម្បីដាំពោតនៅចំណុចទីតាំងដែលមិនធ្លាប់ភ្ជួរដល់ពីមុនមកទេព្រោះជាទីតាំងលិចទឹក។ ជនរងគ្រោះយល់ឃើញថាឆ្នាំនេះអាកាសធាតុក្តៅយូរទឹកក៏រីងស្ងួតអស់ ទើបយកត្រាក់ទ័រភ្ជួរ ក៏បណ្ដាលឱ្យប៉ះត្រូវមីនតោនផ្ទុះស្លាប់បែកសាច់ទាំងតៃកុងនិងត្រាក់ទ័រតែម្តង។
ក្រោយកើតហេតុក្រុមគ្រួសារ សាច់ញាតិបានដឹកយកសាកសពដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕