បារាំង៖ ឪពុករបស់កីឡាករ Lionel Messi បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់លោកពុំមានការចុះហត្ថលេខា ឬកិច្ចព្រមព្រៀងណាមួយជុំវិញការផ្ទេរទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតនារដូវកាលក្រោយ។ ការលើកឡើង និងបកស្រាយបែបនេះបានធ្វើឡើងក្រោយពេលដែលមានព័ត៌មាននានាបានចុះផ្សាយថា Messi បានព្រមព្រៀងរួចរាល់ហើយដើម្បីផ្ទេរទៅដែនដីមជ្ឈិមបូព៌៌ានារដូវកាលក្រោយនេះ ដោយមិនសម្រេចចិត្តបន្តកិច្ចសន្យាជាមួយក្លិប Paris Saint-Germain ឡើយ។
អនាគតនៃក្លិបថ្មីរបស់ Messi កំពុងក្លាយជាប្រធានបទនៃការជជែកវែកញែកលើទំព័រសារព័ត៌៌មានកីឡាជាច្រើនមួយរយៈចុងក្រោយនេះ បន្ទាប់ពីក្លិប PSG បានសម្រេចចិត្តដាក់ពិន័យដោយការព្យួរកីឡាកររូបនេះ ក្រោយពី Messi បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយពុំមានការអនុញ្ញាតពីក្លិប ដែលធ្វើឱ្យគេខកខានការហ្វឹកហាត់ជាមួយក្លិប។
នៅថ្ងៃអង្គារម្សិលមិញនេះ សារព័ត៌៌មានបារាំងជាច្រើនបានចុះផ្សាយថា កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Messi ទៅកាន់លីគកំពូលអារ៉ាប៊ីសាអូឌីតបានបញ្ចប់រួចរាល់ជាផ្លូវការហើយ ប៉ុន្តែលោក Jorge Messi ជាឪពុករបស់កីឡាករ Messi បានបដិសេធថាពិតជាគ្មានកិច្ចចរចាណាមួយឡើយសម្រាប់ការជជែកពីក្លិបបន្ទាប់របស់ Messi នារដូវកាលក្រោយ។ ការសម្រេចចិត្តរបស់ Messi មិនអាចកើតឡើងមុនពេលបញ្ចប់រដូវកាលនៅលីគបារាំងឡើយ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន Messi បានបញ្ចេញវីដេអូមួយសុំការអភ័យទោសពីមិត្តរួមក្រុម និងក្លិប PSG ផ្ទាល់ ហើយបានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្លិបវិញជាធម្មតាហើយកាលពីថ្ងៃចន្ទ។ ប្រភពជិតស្និទមួយបានបញ្ជាក់ថា កីឡាកររូបនេះបានទទួលសំណើផ្លូវការមួយដែលចង់បានរូបគេទៅកាន់ក្លិប Al Hilal រដូវកាលក្រោយ ខណៈដែលប្រទេសអ្នកមានមួយនេះបានប្រកាសតែងតាំង Messi ជាទូតសុឆន្ទៈផ្នែកទេសចរណ៍តំណាងកាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ៕