សម្តេចក្រឡាហោមជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាមួយមន្រ្តីសន្តិសុខសឹង្ហបុរី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី បានជួបជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី។
ជំនួបពិភាក្សាការងាររវាងសម្តេចក្រឡាហោម ស ខេង និងទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី លោក ធាវ ឈី ហាន (TEO CHEE HEAN) នេះធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដោយសម្ដេចក្រឡាហោម បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោកទេសរដ្ឋមន្រ្តីដែលអញ្ចើញមកកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំទាំងពីររូប ក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការនេះ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ តាមរយៈអាស៊ានណាប៉ូ (ASEANAPOL) និងក្របខណ្ឌអន្ដរជាតិតាមរយៈ អ៊ីនធឺបូ (INTERPOL) ផងដែរ សំដៅទប់ស្កាត់នូវបទល្មើសធំៗមួយចំនួន ជាពិសេស គឺបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសឹង្ហបុរី ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសន្ដិសុខ ដែលកន្លងមកបានរៀបចំនូវវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗ ហើយក៏បានផ្ដល់ឱកាសដល់មន្ដ្រីអនុវត្តច្បាប់របស់កម្ពុជាដែលបានចូលរួមផងដែរ។
សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ភាគីទាំងពីរកំពុងតែជជែក ពាក់ព័ន្ធទៅនឹងការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា ដោយសម្ដេចសង្ឃឹមជឿជាក់ថា ការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ មានការធ្វើដំណើរទៅវិញទៅមកកាន់តែមានច្រើនឡើងផងដែរ ហើយក៏សមស្របតាម កាលៈទេសៈ ស្ថានភាពប្រែប្រួល នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសមិនព្រៃណីដែលកំពុងមានការកើតឡើង។
ទន្ទឹមនោះ លោក ធាវ ឈី ហាន (TEO CHEE HEAN) បានចូលរួមអបអរសាទជាមួយកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដោយចាត់ទុកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ប្រកួតប្រជែងដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្ដែគឺជាព្រឹត្តិការណ៍មួយក្នុងការកសាងពង្រឹងនូវសាមគ្គីភាព និងមិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕