លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

នាយករដ្ឋមន្ត្រីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។

យន្តហោះពិសេសប្រតិភូកម្ពុជាបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៧និង៤៥នាទីព្រឹក។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏អញ្ជើញអមដំណើរសម្ដេចទៅចូលរួមផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ឲ្យដឹងថាអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជនមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា ។

ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។

ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងឡាប៊ូន បាចូ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច និងឥស្សរជនអាស៊ាន មួយចំនួនផងដែរ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានខាងលើនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក