ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន សំណូមពរឲ្យលោក សៅ សុខា បន្តដឹកនាំកីឡាបាល់ទាត់តទៅទៀត ដើម្បីការរីកចម្រើនរបស់បាល់ទាត់កម្ពុជា។
តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា បន្ទាប់ពីបញ្ចប់ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អ នាយឧត្ដមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបាន សុំលាលែងចេញពីតំណែង។ សម្តេចបានសំដែងការសោកស្តាយនេះផងដែរ ហើយក៏សូមកត់សម្គាល់ថា ចាប់តាំងពីលោក សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់របស់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីជាការលេងរបស់យើងមានលទ្ធផលមិនទាន់តាមការចង់បានរបស់យើងក៏ដោយ ក៏ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនធ្លាប់មានកាលពីពេលមុន។
សម្តេច ក៏បានបញ្ជាក់ថា «មានប្រទេសច្រើនណាស់ ដែលកីឡាបាល់ទាត់ មិនអាចទទួលបានលទ្ធផលល្អ ប្រទេសខ្លះមានប្រជាជនរហូតដល់ពាន់លាននាក់ រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ។ ដោយឡែក យើងមានប្រជាជនត្រឹមតែ ១៦លាននាក់ ឬក៏ ១៧លាននាក់យើងធ្វើបានប៉ុណ្ណេះ វាជាការល្អណាស់ហើយសម្រាប់ក្នុងកែវភ្នែកប្រជាជនកម្ពុជារបស់យើងដែលធ្លាប់ស្ថិតក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះធ្លាប់ទទួលបានលទ្ធផលល្អប្រសើរ »។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះនាយឧត្ដមសេនីយ៍ សៅ សុខា បន្តការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បង្ហាញសង្ឃឹមថា «នាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្លាប់នៅជាមួយខ្ញុំ អស់រយៈពេល ៤៦ឆ្នាំរួចមកហើយនោះ នឹងបន្តទទួលយក នូវសំណូមពររបស់ខ្ញុំ ដែលពេលនេះ ពេលមុន គឺនៅផ្ទាល់ជាមួយនឹងខ្ញុំ»។
សម្តេចសង្ឃឹមថា នាយឧត្តមសេនីយ៍ សៅ សុខា នៅតែបន្តគោរព នូវសំណូមពររបស់សម្តេច៕