ស្កុតលែន៖ ក្លិបបាល់ទាត់ Celtic បានគ្រងជើងឯកលីគកំពូលស្កុតលែនសាជាថ្មីម្តងទៀត ដែលជាការគ្រងជើងឯកលីគកំពូលជាលើកទី៥៣ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប និងជាការឈ្នះជើងឯក ១១ដងក្នុងរយៈពេល ១២រដូវកាលចុងក្រោយ ក្រោយជ័យជម្នះ ២-០ ទល់នឹងក្លិប Hearts បើទោះជានៅសល់ការប្រកួតចំនួន ៤ក្នុងដៃយ៉ាងណាក្ដី។
ខ្សែប្រយុទ្ធអាស៊ីទាំងពីររូបរួមមាន កីឡាករជប៉ុន Kyogo Furuhashi និងកីឡាករកូរ៉េខាងត្បូង Oh Hyeon-gyu ជាអ្នករកគ្រាប់បាល់ជ័យជម្នះម្នាក់មួយគ្រាប់ ដែលជួយឱ្យ Celtic កាន់កាប់ ៩៥ពិន្ទុលើកំពូលតារាង ដាច់ ១៣ពិន្ទុពីក្រុមលេខ ២ Rangers ល្មមគ្រប់គ្រាន់ក្នុងការគ្រងជើងឯក បើទោះជានៅសល់ការប្រកួតចំនួន ៤សប្តាហ៍ទៀតយ៉ាងណាក្ដី។
ប្រធានក្រុម Celtic កីឡាករ Callum McGregor និយាយមកកាន់សារព័ត៌មានថា៖ "ក្លិបរបស់យើងជាក្លិបដែលទាមទារភាពជោគជ័យ។ អ្នកត្រូវតែជាក្រុមដែលល្អជាងគេបំផុតទាំង ៣៨ប្រកួត ហើយក្រុមដែលល្អបំផុតនឹងក្លាយជាអ្នកឈ្នះជើងឯក។ ខ្ញុំពិតជាសប្បាយរីករាយជាមួយក្រុមកីឡាករ បុគ្គលិក និងអ្នកគាំទ្រទាំងអស់របស់ក្លិប។ នៅថ្ងៃនេះពិតជាថ្ងៃដ៏ពិសេសបំផុតមួយ"។
គួររំឮកថា Celtic ទើបតែបានគ្រងជើងឯកពាន Scottish League Cup កាលពីខែកុម្ភៈកន្លងទៅ ហើយការឈ្នះពានលីគនៅពេលនេះមានន័យថា Celtic នឹងមានឱកាសឈ្នះពានក្នុងស្រុកចំនួន ៣ ក្នុងមួយរដូវកាលទៀតផង ដោយនឹងត្រូវជួបជាមួយក្រុមនៅក្នុងលីគលំដាប់ទី២ Inverness Caledonian Thistle នៅក្នុងពានរង្វាន់ Scottish Cup នាថ្ងៃទី០៣ ខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថា នៅលីគកំពូលស្កុតលែន ពុំធ្លាប់មានក្លិបណាផ្សេងក្រៅពី Celtic និង Rangers ឡើយដែលជាក្រុមគ្រងជើងឯកលីគកំពូល ខណៈក្រុមផ្សេងក្រៅពីក្លិបទាំងពីរនេះមានតែ Aberdeen មួយគត់ដែលឈ្នះពានលីគកំពូលចាស់ Premier Division កាលពីឆ្នាំ១៩៨៥៕