ភ្នំពេញ៖ ការប្រកួតស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ នៅក្នុងពូល A ដែលជាពូលរបស់កម្ពុជា នឹងត្រូវមានការផ្លាស់ប្តូរកម្មវិធីប្រកួតបន្តិចបន្តួច ត្បិតនៅក្នុងពូល A នេះ ទាំងកម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធតែជាក្រុមជម្រើសជាតិដែលសម្រេចជោគវាសនាឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយផ្អែកលើលទ្ធផលចុងក្រោយ។
ដំបូងឡើយ ការប្រកួតចុងក្រោយនៃពូល A គឺគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមីយ៉ាន់ម៉ា នឹងត្រូវជួបជាមួយហ្វីលីពីន វេលាម៉ោង ៤ល្ងាច ខណៈកម្ពុជា នឹងជួបក្រុមខ្លាំងឥណ្ឌូណេស៊ី វេលាម៉ោង ៧យប់។ បែបណាក្តី ក្រោយការប្រកួតយប់មិញនេះ បានធ្វើឱ្យការប្រកួតចុងក្រោយនេះក្លាយជាការប្រកួតកាត់សេចក្តីយ៉ាងតានតឹង ពោលគឺក្រោយឆ្លងកាត់ ៣ប្រកួត ឥណ្ឌូណេស៊ីឈ្នះទាំង ៣ប្រកួត មាន ៩ពិន្ទុក្នុងដៃ ខណៈមីយ៉ាន់ម៉ា ឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ប្រកួត មាន៦ពិន្ទុក្នុងដៃ និងតាមពីក្រោយដោយកម្ពុជា ឆ្លងកាត់ ៣ប្រកួត ឈ្នះ ១ ស្មើ ១ និងចាញ់ ១ មាន ៤ពិន្ទុក្នុងដៃ។
យ៉ាងណាមិញ ដើម្បីឱ្យមានការស្នើភាពក្នុងស្មារតី Fair Play ជាមួយការប្រកួតដ៏សំខាន់ចុងក្រោយនេះ ការប្រកួតទាំងពីរនឹងត្រូវបានធ្វើឡើងដំណាលគ្នាក្នុងពេលតែមួយ នៅកីឡដ្ឋានចំនួន ២ផ្សេងគ្នា។ កម្មវិធីប្រកួតថ្មីដែលបានរៀបចំឡើងនៅថ្ងៃទី១០ ខែឧសភានេះរួមមាន កម្ពុជា ប្រកួតជាមួយ ឥណ្ឌូណេស៊ី វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមីយ៉ាន់ម៉ា ប្រកួតជាមួយ ហ្វីលីពីន នឹងធ្វើឡើងនៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៧យប់ដូចគ្នា។
គួរបញ្ជាក់ថា កម្ពុជាពុំទាន់អស់ឱកាសឡើងទៅកាន់វគ្គបន្តទាំងស្រុងនៅឡើយទេ ពោលបើប្រកួតចុងក្រោយនេះកម្ពុជា ឈ្នះឥណ្ឌូណេស៊ី ហើយមីយ៉ាន់ម៉ា ចាញ់ហ្វីលីពីន ឬកម្ពុជា ស្មើឥណ្ឌូណេស៊ី ហើយមីយ៉ាន់ម៉ា ស្មើហ្វីលីពីនដែរនោះ កម្ពុជានឹងជាក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជាមួយឥណ្ឌូណេស៊ីក្នុងពូល A៕