វៀតណាម៖ ប្រទេសវៀតណាមបានរាយការណ៍អំពីកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃនេះ ខណៈដែលអ្នកជំនាញផ្នែកអាកាសធាតុបានព្រមានថាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនឹងនៅតែបន្តកើតមាន។
ដោយឡែក អ្នកវិទ្យាសាស្រ្តវៀតណាមក៏បានធ្វើការព្រមានថា បញ្ហានៃការកើនឡើងកំដៅផែនដីកំពុងធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយតំបន់មួយចំនួននៅក្នុងប្រទេសបានរងឥទ្ធិពលដោយសារបញ្ហារលកកំដៅដែលបានកើនឡើងខ្ពស់កាលពីខែមេសា ហើយប្រទេសមួយចំនួនក្នុងតំបន់ក៏បានកត់ត្រានូវសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួនផងដែរ។
មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមបានបញ្ជាក់ថា សីតុណ្ហភាពនៅតំបន់ខ្លះក្នុងប្រទេសវៀតណាមបានកើនឡើងខ្ពស់រហូតដល់ ៤៤,១ អង្សារសេ ដោយបានបំបែកកំណត់ត្រាសីតុណ្ហភាពកាលពីឆ្នាំ២០១៩ ដែលបានឡើងដល់ ៤៣,៤ អង្សាសេ។
គួរបញ្ជាក់ថា ជាធម្មតាប្រទេសវៀតណាមមានអាកាសធាតុប្រែប្រួលពីតំបន់ខាងជើងទៅខាងត្បូង ប៉ុន្តែបច្ចុប្បន្ននេះសីតុណ្ហភាពនៅប្រទេសវៀតណាមត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយ។ គួរឱ្យដឹងថា សីតុណ្ហភាព ៤៤,១ អង្សារសេគឺជាសីតុណ្ហភាពដែលវាស់ដោយស្ថានីយ៍ឧតុនិយមHoi Xuan ស្ថិតនៅភាគខាងជើងនៃខេត្ត Thanh Hoa ដែលកន្លងមកខេត្តដែលធ្លាប់មានសីតុណ្ហភាពក្ដៅជាងគេដល់ ៤៣,៤ អង្សាសេគឺខេត្ត Ha Tinh កាលពីខែមេសា ឆ្នាំ២០១៩។
នៅទូទាំងប្រទេស អ្នកជំនាញខាងផ្នែកអាកាសធាតុ និងអាជ្ញាធរបានស្នើឱ្យប្រជាជនគប្បីនៅក្នុងផ្ទះអំឡុងពេលថ្ងៃត្រង់ ដែលជាពេលអាកាសក្ដៅបំផុតប្រចាំថ្ងៃ។ ទីក្រុង Da Nang បានស្នើឱ្យក្រសួងឧស្សាហកម្ម និងអគ្គិសនីរបស់វៀតណាមសហការដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពទៅលើបញ្ហាកំដៅ គ្រោះរាំងស្ងួតដែលនឹងអាចកើតមាន ព្រមទាំងបញ្ហាកង្វះទឹក។ អាជ្ញាធរក៏បានជូនដំណឹងទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ដើម្បីធានាថាប្រជាជនមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវក្តៅនេះ។ ដោយឡែក វេលាថ្ងៃត្រង់នៅឯទីក្រុងហាណូយស្ទើរតែស្ងប់ស្ងាត់ទាំងស្រុង ដោយសារតែមនុស្សម្នានាំគ្នានៅតែក្នុងផ្ទះ អគារ និងកន្លែងធ្វើការ ដើម្បីគេចចេញពីកំដៅថ្ងៃ៕