បារាំង៖ កំពូលកីឡាករ Lionel Messi កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការសុំអភ័យទោសទៅកាន់ក្លិបបាល់ទាត់ Paris St Germain ព្រមទាំងមិត្តរួមក្រុមទាំងអស់របស់ខ្លួន បន្ទាប់ពីត្រូវបានដាក់ពិន័យព្យួរមិនឱ្យប្រកួត ដោយសារកីឡាកររូបនេះបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊៊ីសាអូឌីតកាលពីដើមសប្តាហ៍នេះ និងខកខានការហ្វឹកហាត់ជាមួយក្រុម។
សារព័ត៌មានបារាំងបានចុះផ្សាយថា Messi ត្រូវបានក្លិប PSG សម្រេចដាក់ពិន័យ និងព្យួររយៈពេល ២សប្តាហ៍ ក្រោយពីការធ្វើដំណើរដោយគ្មានការអនុញ្ញាតពីក្លិបទៅកាន់ប្រទេសអារ៉ាប៊៊ីសាអូឌីត ដោយកីឡាកររូបនេះត្រូវមានកាលវិភាគហ្វឹកហាត់ និងប្រកួតទល់នឹង Lorient ហើយប្រកួតនោះដែលអវត្តមានរបស់ Messi ក្លិប PSG ចាញ់ Lorient នៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ៣-១។
តាមរយៈវីដេអូលើ Instagram កីឡាករ Lionel Messi បាននិយាយថា៖ "ខ្ញុំពិតជាជឿជាក់ដោយស្មោះថា ខ្ញុំគួរតែមានថ្ងៃសម្រាកក្រោយពីការប្រកួតដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។ ខ្ញុំបានរៀបចំដំណើរកម្សាន្តនេះរួចហើយដោយមិនអាចលុបចោលបាន ព្រោះធ្លាប់បានលុបចោលម្តងរួចទៅហើយ។ ខ្ញុំសុំអភ័យទោសទៅកាន់មិត្តរួមក្រុម និងរង់ចាំនូវសេចក្តីសម្រេចរបស់ក្លិប"។
លោក Christophe Galtier គ្រូបង្វឹកក្រុម PSG បាននិយាយថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់ក្លិបក្នុងការព្យួរ Messi ដែលនឹងត្រូវខកខានការប្រកួតពីរលើកបន្តបន្ទាប់ដែលរួមមានការប្រកួតទល់នឹងក្លិប Troyes និងក្លិប Ajaccio ខណៈដែល PSG នៅតែបន្តនាំមុខគេក្នុងតារាងពិន្ទុលីគកំពូលបារាំង។ គួរបញ្ជាក់ថា PSG កំពុងនាំមុខទៅលើក្លិប Olympique de Marseille ចំនួន ៥ពិន្ទុ ខណៈការប្រកួតនៅសល់ចំនួន ៥ប្រកួតទៀតមុនបញ្ចប់រដូវកាល។
គួររំឮកផងដែរថា Messi ទទួលបានសំណើរជាផ្លូវការក្នុងការផ្លាស់ទៅកាន់ក្លិប Al-Hilal នៃលីគកំពូលអារ៉ាប៊៊ីសាអូឌីតនារដូវកាលក្រោយ ខណៈកីឡាករវ័យ ៣៦ឆ្នាំរូបនេះទំនងជានឹងមិនបន្តកិច្ចសន្យាថ្មីជាមួយ PSG ឡើយ។ គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊៊ីសាអូឌីតបានតែងតាំង Messi ជាឯកអគ្គរាជទូតតំណាងផ្នែកទេសចរណ៍របស់ខ្លួនកាលពីឆ្នាំមុន ហើយកាលពីខែមករា ឆ្នាំ២០២២ Messi ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Jeddah ផងដែរ៕