(ភ្នំពេញ)៖ ចាងហ្វាងសារព័ត៌មានអនឡាញមួយ ដែលបង្ហោះបំភ្លៃថា «លោកឧកញ៉ា លី យ៉ុងផាត ទទួលមរណភាព» នោះត្រូវបានតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីឃាត់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយនៅលើហ្វេសបុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បុគ្គលដែលតុលាការឃុំខ្លួននោះ មានឈ្មោះ លឹម ហួរ មានតួនាទីជាចាងហ្វាងគេហទំព័រ Boko News និងគេហទំព័រខ្មែរ 7មករា ឬ Khmer7 News ដែលមានទីស្នាក់ការនៅក្រុមទី៤ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក លឹម ហួរ ត្រូវបានតុលាការ បានចោទប្រកាន់បុគ្គលនេះពី «បទក្លែងព័ត៌មាន»។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្នងការនគរបាលខេត្តសៀមរាប ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានហៅជនខាងលើ ទៅធ្វើការសាកសួរទៅលើអ្នកសារព័ត៌មាន តាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលប្ដឹងដោយមេធាវីអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែលថា លើទំព័រហ្វេកបុកផ្លូវការរបស់រដ្ឋលេខាធិការវ័យក្មេងដ៏មានប្រជាប្រិយភាព លោក ដួង ដារ៉ា បានធ្វើសំណេរយ៉ាងភ្ញាក់ផ្អើរដាក់សំនួរសួរថា «ឧកញ៉ា លី យ៉ុងផាត់ ទទួលមរណៈភាព?» ដែលការបង្ហោះនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងសំណេររបស់លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបែបនេះថា «ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៍មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណៈភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត។»
លោក ដួង ដារ៉ា បានសរសេរបន្តទៀតថា «ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៍មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។»
ជំនួយការសម្ដេចតេជោ លោក ដួង ដារ៉ា ថាដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច៕