ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នឹងដង្ហែចេញពីខេត្តកំពង់ធំ និងខេត្តកំពង់ចាម ឆ្ពោះតម្រង់មកពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោយដង្ហែឆ្លងកាត់ខេត្តជាប់បឹងទន្លេសាបប្រកបដោយជោគជ័យ។
ព្រះអគ្គិជ័យកីឡា ចាប់ផ្តើមដង្ហែនៅជុំវិញប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត តាំងពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ហើយបន្តដង្ហែនៅជុំវិញខេត្តជាប់បឹងទន្លេសាប ខេត្តស្ទឹងត្រែង ក្រចេះ សៀមរាប កំពង់ចាម កំពង់ធំ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកណ្តាល ដោយមានប្រជាពលរដ្ឋជាច្រើនកុះករស្វាគមន៍ ត្រេកអរ និងរំភើបដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ភ្លើងគប់កីឡាស៊ីហ្គេម នឹងដង្ហែមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចថ្ងៃនេះ ដោយមានកីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥រូប នឹងទទួលព្រះអគ្គិជ័យកីឡាដង្ហែចូលមកក្នុងបរិវេណទីលានពហុកីឡដ្ឋាន ដើម្បីប្រារព្ធពិធីដុតភ្លើងគប់ធំជាមួយនឹងទស្សនីយភាពកាំជ្រួចដើម្បីអបអរសាទរពិធីបើកការប្រកួតស៊ីហ្គេម។ រួមជាមួយនឹងកម្មវិធីសិល្បៈចម្រៀងជាច្រើនទៀត និងពិធីដង្ហែក្បួនប្រតិភូកីឡាចូលទីលានប្រារព្ធពិធីដ៏អស្ចារ្យ។
ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ ក្រោយខកខាកធ្វើជាម្ចាស់ផ្ទះរៀបចំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ដូច្នេះពលរដ្ឋអញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឱ្យបានអធឹកអធម៕