កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលដ៏មមាញឹករបស់សម្ដេចអញ្ជើញទៅចូលរួមខួប ៣ឆ្នាំនៃមរណភាពម្ដាយក្មេក និងខួប ១ឆ្នាំនៃមរណភាពបងប្រុសសម្ដេចនៅខេត្តកំពង់ចាម នៅថ្ងៃនេះ និងទី៥ស្អែក។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ Channel Telegram របស់សម្ដេចថាពេលនេះសម្ដេចកំពុងនៅខេត្តកំពង់ចាម ខណៈនឹងត្រូវត្រលប់មកភ្នំពេញវិញនាថ្ងៃទី៥ ខែឧសភាដើម្បីបើកព្រឹត្តការណ៍ស៊ីហ្គេម។
សម្ដេចថា៖ «ពេលនេះខ្ញុំកំពុងស្ថិតនៅខេត្តកំពង់ចាមថ្ងៃស្អែកចប់កម្មវិធីត្រូវត្រឡប់ទៅភ្នំពេញវិញដើម្បីបើកព្រឹត្តិការស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
គួរឱ្យដឹងផងដែរថាម្ដាយក្មេករបស់សម្ដេចតេជោគឺឧបាសិកា ប៊ុន សៀងលី បានទទួលមរណភាពនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខណៈបងប្រុសរបស់សម្ដេចតេជោគឺ សម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
សម្ដចតេជោគឺជាមនុស្សម្នាក់ដែលតែងតែគោរពនូវភាពកត្តញ្ញូជូនចំពោះមាតាបិតា និងបងប្អូន សម្ដេចធ្លាប់បានរម្លឹកពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៃវត្តព្រះបារមីវង្កតបុរី ក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសាថា «គុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានទេ។ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោលឱពុកម្ដាយគឺមិនមែនជារឿងល្អ គុណធម៌ និងសីលធម៌របស់មនុស្សនោះទេ»៕