
នាយករដ្ឋមន្ត្រីសុំការអភ័យទោសពីពលរដ្ឋដែលមិនបានចូលមើលការប្រកួតនិងព្រឹត្តិការណ៍បើកស៊ីហ្គេមដោយផ្ទាល់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុននសែន បានស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមានបំណងចង់ចូលទៅមើលការប្រកួតបាល់ទាត់ និងការប្រកួតនានានៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេម រួមទាំងប្រតិការណ៍បើកស៊ីហ្គេមផងដែរដែលមិនបានចូលទៅមើលដោយផ្ទាល់ដោយមូលហេតុថាពុំកន្លែងគ្រប់គ្រាន់។
សម្ដេចតេជោ បានលើកឡើងនៅក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះថា សម្ដេចយល់ថាពលរដ្ឋពិតជាចង់ទៅមើលដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏ប៉ុន្តែដោយសារតែស្ថានភាពពហុកីឡដ្ឋានដែលមានទំហំមិនអាចគ្រប់គ្រាន់សម្រាប់អ្នកដែលចង់ទៅមើលទាំងអស់ ដូច្នេះសម្ដេចស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមិនបានចូលទៅមើល។
សម្ដេចថា៖ «ខ្ញុំសុំចិត្តបងប្អូនយោគយល់នូវការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនិងដោះស្រាយនោះទេ។ អ្នកបានទទួលគឺសប្បាយចិត្តហើយអ្នកមិនបានទទួលគឺមិនសប្បាយចិត្តហើយរឿងនេះមិនមែនកើតតែនៅប្រទេសកម្ពុជាទេ»។
ជាមួយគ្នានេះសម្ដេចក៏បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួនក៏បានរៀបចំការបញ្ចាំងផ្សាយបន្តផ្ទាល់នៅតាមទីតាំងរបស់ខ្លួនផងដែរដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅព្រឹត្តិការណ៍ទាំងអស់នេះផងដែរ។
គួរឲ្យដឹងផងដែរថាប្រទេសកម្ពុជានិងរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។