លោក ហ៊ុន ម៉ាណែត៖ សន្តិភាព ប្រែក្លាយតំបន់ស្រុកលើកដែកពីសមរភូមិប្រយុទ្ធទៅជាតំបន់ដែលមានការអភិវឌ្ឍរីកចម្រើន
កណ្តាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានយ៉ាងប្រទាក់ក្រទ្បា។
លោកបញ្ជាក់ថា តាមរយៈគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតជាដើម។ល។ ក៏បានផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែកកាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកបានថ្លែងបែបនេះនៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
លោកបានថ្លែងឱ្យដឹងថា តាមរយៈការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ បានឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕