ភ្នំពេញ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងការរៀបចំស៊ីហ្គេម ក្រោមរដ្ឋាភិបាលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានរៀបចំជាច្រើនក្នុងការត្រៀមទទួលស្វាគមន៍ដល់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាក្នុងអំឡុងនៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីបើកស៊ីហ្គេមនឹងច្បាប់ផ្ដើមហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ មានការរៀបចំជាច្រើននៅពហុកីឡដ្ឋានដែលមានតម្លៃជិត ១៦០លានដុល្លារនេះ មណ្ឌលកីឡា ច្រកចូល ជាពិសេសផ្លូវខាងមុខត្រូវបានរៀបចំអ៊ុតកៅស៊ូយ៉ាងស្អាត លំអរបដាជាច្រើនអបអរការរៀបចំស៊ីហ្គេមនៅកម្ពុជាផងដែរ។
កម្ពុជា២០២៣ កម្ពុជាស្អាត កីឡារស់ក្នុងសន្ដិភាព និងពាក្យស្លោកមួយចំនួនទៀតត្រូវបានដាក់ស្ទើពាសពេញផ្លូវក្នុងរាជធានីភ្នំពេញ ខណៈនៅខាងមុខផ្ទះពលរដ្ឋបានចងព្យូរទង់ជាតិកម្ពុជាស្ទើរគ្រប់ផ្ទះគ្រប់គ្នា។
នៅពហុកីឡដ្ឋានជាតិអូឡាំពិកឯណោះវិញក៏មានការរៀបចំជាច្រើនផងដែរព្រោះជាទីតាំងសំខាន់មួយផងដែរក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ។ យើងឃើញក្រុមការងារបានរួសរាន់រៀបចំចងព្យូរសម្អាតទីធ្លា ខណៈទីតាំងសង្គ្រោះបន្ទាន់ និងការពារអ្នកមកទស្សនាក៏ត្រូវបានត្រៀមរួចជាស្រេចផងដែរ។
ពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការរៀបចំរបស់កម្ពុជាផងដែរ។
យុវជន ទឹម វណ្ណៈ អាយុ១៨ បានឱ្យដឹងថាលោកមានភាពសប្បាយរីករាយជាខ្លាំងដែលបានឃើញព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំនៅកម្ពុជា លោកថាកម្ពុជាបានរៀបចំយ៉ាងមានសណ្ឋាប់ធ្នាប់ដែលជាគួររីករាយក្នុងពេលដែលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំអាស៊ាននេះរៀបចំ។
លោកថា៖ «ខ្ញុំចង់ឱ្យកម្ពុជាមានការរៀបចំការប្រកួតកីឡាបែបនេះជាច្រើនទៀត»។
មិនខុសគ្នាពីយុវជនខាងលើលោក ហំ សុធន អាយុ ១៨ឆ្នាំ ថាជារឿងដែលគួរឱ្យរីករាយណាស់ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
លោកថា៖ «ជាលើកទី១មែនតែសង្ឃឹមថាប្រជាជាតិយើងនឹងរៀបចំឱ្យបានល្អដែលធ្វើឱ្យប្រជាជាតិផ្សេងទៀតមើលមកយើងហ្នឹងថាប្រទេសយើងមានទាំងសុខសន្ដិភាព ហើយរៀបចំបានល្អដែលជាលើកទី១»។
កញ្ញា ផន អេលីកា អាយុ ១៨ឆ្នាំ ក៏បង្ហាញពីមោទនភាពដែលកម្ពុជាអាចរៀបចំកីឡាកម្រិតតំបន់នេះបាន។
កញ្ញាថា៖ «យល់ថាកម្ពុជាពិតជាអស្ចារ្យណាស់ដែលអាចឈានលើឆាកអន្តរជាតិបាន ហើយយើងពិតជាមានសំណាងដែលមានសម្ដេចតាតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសឱ្យមានសន្ដិភាពដល់សព្វថ្ងៃ»។
កាលពីថ្ងែទី២៨ ខែមេសា ភ្លើងគប់ស៊ីហ្គេមបានត្រលប់មកដល់រាចធានីភ្នំពេញដោយមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋស្ទើរពេញរាជធានីភ្នំពេញ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញលោក សេង សុធារិទ្ធិ អាយុ ៣៤ឆ្នាំ ថានេះជាលើកទី១របស់លោកដែលបានឃើញព្រឹត្តិការណ៍តំបន់ដ៏ធំបែបនេះរៀបចំនៅកម្ពុជា។ លោកបន្ថែមថាព្រឹត្តិការណ៍នេះមិនងាយកើតឡើងនៅកម្ពុជាទេ ដូច្នេះក្នុងនាមជាពលរដ្ឋត្រូវចាប់ឱកាសកសាងនូវការចងចាំ និងអនុស្សាវរីយ៍ក្នុងព្រត្តិការណ៍នេះឱ្យបានច្រើន។
លោកថា៖ «វាជាលើកទី១របស់ខ្ញុំ ហើយខ្ញុំគិតថាឱកាសនេះវាមានតិចសម្រាប់ខ្ញុំណាស់! ព្រោះអីអាចថា ២០ឆ្នាំទៀតបានយើងធ្វើម្ដងទៀត អញ្ចឹងខ្ញុំខ្លាចតែដល់ពេល ២០-៣០ឆ្នាំទៀតខ្ញុំអាយុ ៥០ជាងខ្ញុំមិនអាចមកឈរដង្ហែរ ចូលរួមដូចគេបាន។ អ៊ីចឹងឱកាសនេះខ្ញុំត្រូវក្ដាប់ឱ្យបានហើយខ្ញុំពិតជាមានមោទនភាពនឹងឃើញកម្ពុជារៀបចំស៊ីហ្គេមនេះ»។
ក្បួនដង្ហែរភ្លើងគប់បានឆ្លងកាត់មុខពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយនឹងការផ្ទេរភ្លើងទៅកាន់អ្នកកាន់បន្ត មុននឹងធ្វើដំណើរទៅកាន់វត្តភ្នំជាកន្លែងដែលអភិបាលរាជធានីភ្នំពេញផ្ទេរភ្លើងបន្តដង្ហែកាត់តាមមាត់ទន្លេ ព្រះបរមរាជវាំង វិមានឯករាជ្យ មុននឹងចូលទៅតាំងនៅវត្តលង្កាមួយយប់មុននឹងដង្ហែកាត់ខេត្តជាប់បឹងទន្លេសាបបន្តនាថ្ងៃបន្ទាប់។
អ្វីដែលគួរចាប់អាម្មរណ៍នោះគឺសំឡេងស្រែកអបអរសាទរទាំងក្មេងចាស់ ប្រុស ស្រី និងជនបរទេសផងដែរអបអរការដង្ហែរភ្លើងគប់ស៊ីហ្គេមនេះជាមួយនឹងការគ្រវីទង់ជាតិខ្មែរស្ទើរគ្រប់ដៃ។
ការរៀបចំស៊ីហ្គេមជាលើកដំបូងរបស់កម្ពុជានេះបានធ្វើឱ្យកម្ពុជាកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិបន្ថែមទៀត ខណៈដែលកម្ពុជាបានផ្ដល់ការផ្សព្វផ្សាយដោយឥតគិតថ្លៃទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសគឺការចែកសំបុត្រដោយឥតគិតថ្លៃដល់អ្នកគាំទ្រកីឡាផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចចង់ឱ្យការរៀបចំព្រឹត្តិការណ៍កីឡានេះក្លាយជាបុណ្យជាតិមួយដែលពលរដ្ឋនាំគ្នាអបអរ បានយល់ដឹងទូលំទូលាយទូទាំងប្រទេស និងបានប្រកាសធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងការប្រកួតដល់កីឡាករទាំងអស់។
សម្ដេចថា៖ «ខ្ញុំធានាអះអាងខ្ញុំយកក្បាលខ្ញុំទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពទាំងឡាយ និងពេលវេលានៃការប្រកួត»។
កម្ពុជានឹងបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃទី៥ ខែឧសភា ខាងមុខ ប្រជាជនខ្មែរជាច្រើនកំពុងទន្ទឹមមើលនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ខណៈភ្លើងគប់ស៊ីហ្គេមកំពុងត្រូវបានដង្ហែរនៅខេត្តជាប់តំបន់បឹងទន្លេសាបជិតបញ្ចប់៕