ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រាជរដ្ឋាភិបាលនឹងបន្តគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២០ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកំណត់អនាគតនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត»។

នាទិវាសេរីភាពសារព័ត៌មានសកលលោកនាថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងនៅក្នុងសារលិខិតដែលចុះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា នាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល»។

សម្តេចតេជោ បានគូសបញ្ជាក់ថា តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ដោយប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។

សម្តេចបន្តថា តែយ៉ាងណាក៏ត្រូវគិតគូរអំពីគុណភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយជាអាវុធមុខពីរ ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បំពុលសង្គមដែលអាចធ្វើឱ្យប្រទេសជាតិអន្តរាយ។

សម្តេចតេជោបានលើកឡើងថា ដូច្នេះហើយទាមទារឱ្យស្ថាប័ន និងអ្នកសារព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូច និងជនខិលខូចជ្រកក្រោមស្លាកសារព័ត៌មានដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាតិ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងសា្ថប័នសារព័ត៌មានទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមកបើទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។

សម្តេចតេជោអំពាវនាវដល់អ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មានទាំងនៅកម្ពុជា ទាំងនៅលើសកលលោក ត្រូវអនុវត្តភារកិច្ចទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន។

ជាពិសេសដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀតចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់ស្ថាប័នសារព័ត៌មានទាំងមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក