ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារសុខាភិបាលនៃរដ្ឋធានី ចាកាតា បានធ្វើការព្រមានថា តួលេខនៃការរកឃើញករណីឆ្លងកូវីដ-១៩ នឹងនៅតែបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីវីរុសកូវីដ-១៩ ប្រភេទថ្មីគឺ Arcturus បានវាយប្រហារមកលើប្រទេសនេះកាលពីពេលថ្មីៗ។ ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីការរកឃើញករណីវ៉ារ្យ៉ងថ្មី Arcturus ចំនួន ១០ករណី ចាប់តាំងពីការឆ្លងត្រូវបានរកឃើញជាលើកដំបូងនៅថ្ងៃទី២៣ ខែមីនា ហើយដែលករណីនៃការឆ្លងទាំង ១០ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងចាកាតាផ្ទាល់តែម្តង។
វ៉ារ្យ៉ងថ្មី Arcturus ឬហៅថា XBB.1.16 គឺជាប្រភេទរងនៃមេរោគ Omicron ដែលយោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យតូក្យូ ដែលរីករាលដាលលឿនប្រហែល ១.១៧ដង ទៅ ១.២៧ដងយ៉ាងមានប្រសិទ្ធភាពជាងប្រភេទ XBB.1 និង XBB.1.5។ គួរបញ្ជាក់ថា ប្រភេទវីរុសថ្មីនេះត្រូវបានគេផ្តោតទៅលើការចល័តរបស់ប្រជាជនអំឡុងពេលពិធីបុណ្យឈប់សម្រាកឥស្លាម Idul Fitri ដែលគេជឿជាក់ថានាំឱ្យមានការឆ្លងលឿននៅក្នុងប្រទេស។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីថ្មីនៃវីរុសកូវីដ-១៩ ជាង ១,០០០ករណីជារៀងរាល់ថ្ងៃ ដែលនាំឱ្យតួលេខអ្នកឆ្លងសរុបក្នុងប្រទេសនេះបានកើនឡើងដល់ប្រមាណ ៦,៧លាននាក់ រាប់ចាប់តាំងពីការផ្ទុះឡើងដំបូងកាលពីខែមីនា ឆ្នាំ២០២០។ ប្រធានផ្នែកអង្កេតរោគរាតត្បាត និងការចាក់ថ្នាំបង្ការរបស់ទីភ្នាក់ងារសុខភាពហ្សាកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា តួលេខនៃការឆ្លងកំពុងតែបន្តកើនឡើង ហើយតួលេខនៃការឆ្លងខ្ពស់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតឡើងនៅសប្តាហ៍ក្រោយ។ ប្រភពដដែលបានលើកឡើងថា តួលេខនៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនឹងអាចលោតឡើងដល់ទៅ ៤,០០០នាក់ក្នុងមួយថ្ងៃនាសប្តាហ៍ក្រោយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល នៅទូទាំងប្រទេសមានមនុស្សប្រហែល ១០,០០០នាក់ដែលបានធ្វើតេស្ត COVID-19 ជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ក្នុងនោះផងដែរមានអ្នកធ្វើតេស្តប្រមាណ ១០ភាគរយបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩។ មន្ត្រីទីភ្នាក់ងារសុខភាពបាននិយាយថា ការកើនឡើងនៃអត្រាអ្នកឆ្លងនេះ កំពុងប៉ះពាល់ដល់អត្រាស្នាក់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានីដែលបច្ចុប្បន្នមានប្រមាណ ១៦ភាគរយ ដែលនេះជាចំនួនទ្វេដងនៃចំនួនដែលមានកាលពីដើមខែមេសា។
គួរបញ្ជាក់ថា ចាកាតា គឺជារដ្ឋធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនរស់នៅប្រមាណជា ១០លាននាក់៕