ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បាននាំយកផលិតផល សាច់សត្វបង្កក និងទំនិញចម្រុះ ខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ប្រមាណជិត ៧តោន ទៅកម្ទេចចោលនៅទីលានចាក់សំរាម។
កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីពេទ្យសត្វ នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរខណ្ឌដង្កោ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បាននាំយកផលិតផល សាច់សត្វបង្កក គ្រឿងសម្អាងចម្រុះ នំចម្រុះ ខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសជាធរមាន សរុបចំនួន ៦ ៩៣០គីឡូក្រាម ទៅកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទទួលបានអាណត្តិពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលមានតួនាទីភារកិច្ចស្នូលក្នុងការធានាគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព សុវត្ថិភាព ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រួមទាំងធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរកិច្ច។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. រាជធានី-ខេត្ត បានធ្វើការត្រួតពិនិត្យក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពត និងរាជធានីភ្នំពេញ។ តាមលទ្ធផលនៃការត្រួតពិនិត្យគឺបានរកឃើញទំនិញមិនមានអនុលោមភាពចំនួន ៥៤គីឡូក្រាម ដោយមន្រ្តីជំនាញបានធ្វើការដកហូតមករក្សាទុកដើម្បីកម្ទេចចោល និងពិន័យអន្តរការណ៍ស្របនឹងច្បាប់ដែលមានចែងផងដែរ៕