ព្រះសីហនុ៖ អគ្គលេខាធិការរងនៃគ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងអាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games ២០២៣ និងយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣"។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីអគ្គលេខាធិការរងនៃគ.ជ.វ.ទ លោក គឹម សេរីរដ្ឋ និង រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរ តាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក គឹម សេរីរដ្ឋ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវឱ្យរៀបចំសោភ័ណភាពអាជីវកម្មរបស់ខ្លួន ដោយឆ្លុះបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និង ចូលរួមរក្សានូវសណ្តាប់ធ្នាប់ យកចិត្តទុកដាក់ខ្ពស់លើអនាម័យម្ហូបអាហារដែលដាក់លក់ដូរជាប្រចាំ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ នេះ។
លោកបានបានបន្ថែមទៀតថា ត្រូវមានដាក់តាំងបញ្ជីរាយនាមសេវាកម្មជា៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាទីបីណាមួយ និងស្របតាមខ្លឹមសារប្រកាស លេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍ ហើយម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួន ឬដោយពុំមានហេតុផលច្បាស់លាស់។
លោក គឹម សេរីរដ្ឋ បានបញ្ជាក់ទៀតថា ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំលេខ ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។
គួរឱ្យដឹងដែរថា ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍-បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងគោលដៅធានានូវសុខុមាលភាព អនាម័យ និងរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់នូវភាពពេញចិត្ត និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងសារាចរណែនាំនោះដែរ ក្រសួងទេសចរណ៍ណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចល្អ ហើយត្រូវមានបញ្ជីរាយនាមសេវាកម្ម និងការកំណត់តម្លៃសេវាកម្ម ការគ្រប់គ្រងសំណល់ និង បង្គន់អនាម័យដោយអនុវត្តតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា។ ចំពោះការដឹកជញ្ជូនភ្ញៀវទេសចរ- មិនត្រូវដឹកជញ្ជូនភ្ញៀវលើសពីចំណុះដែលបានកំណត់ ត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ ត្រូវរក្សាពេលវេលានៃការចេញដំណើរឱ្យបានទៀងទាត់ដូចថ្ងៃធម្មតា៕