ចិន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានជំរុញ និងលើកទឹកចិត្តថ្នាក់ដឹកនាំទីក្រុងធានជីង ពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗគឺ វិស័យទេសចរណ៍ និងកំពង់ផែនៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានថ្លែងជំរុញបែបនេះក្នុងជំនួបជាមួយអភិបាលក្រុងធានជីងនៃប្រទេសចិន លោក ចាង កុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ អំឡុងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។
សម្តេចក្រឡាហោម ស ខេង ចង់ឱ្យចិនពិនិត្យលទ្ធផលក្នុងការវិនិយោគនៅកម្ពុជាលើវិស័យទេសចរណ៍ និងកំពង់ផែ ក្នុងគោលបំណងដើម្បីរួមចំណែកបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ អភិបាលក្រុងធានជីងនៃប្រទេសចិន លោក ចាង កុង សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធផលផ្លែផ្កាលើវិស័យវិនិយោគ កំពង់ផែសមុទ្រ និងសន្តិសុខ រវាងទីក្រុងធានជីង ជាមួយរាជធានី-ខេត្តនៃកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕