ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មប ដើម្បីសុខភាពប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

តាមរយៈឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ លោកស្រី ម៉ែន នារីសោភ័គ បានអានសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣ក្នុងឱកាសចូលរួមអបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា ២០២៣ ក្រោមប្រធានបទ៖ «រួមគ្នាជាថ្មី: ពីភស្ដុតាងជាក់លាក់ ទៅការអនុវត្ដពិតប្រាកដ»។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីបានរំលេចនូវសមិទ្ធផលដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ ក៏បានរំលេចនូវការអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ទន្ទឹមនឹងនោះ មន្ដ្រីជាន់ខ្ពស់សុខាភិបាល លោកស្រី តាន់ រួចឆេង បានថ្លែងគាំទ្រទាំងស្រុងនូវសារអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ បុគ្គលិកសុខាភិបាល និងសាលាបណ្ដុះបណ្ដាលឆ្មបទាំងអស់ ត្រូវចូលរួមពង្រឹង និងពង្រីក សមត្ថភាព និងផ្ដល់សេវាថែទាំឆ្មប នៅតាមមូលដ្ឋានសុខាភិបាលឱ្យមានភាពល្អប្រសើរ។ លើសពីនេះ ក្រសួងសុខាភិបាលនឹងគាំទ្រ និងវិនិយោគបន្ថែមទៀតរួមមាន គោលនយោបាយលើការពង្រឹងគុណភាព និងគាំទ្រឆ្មប ក្នុងការអនុវត្ដនូវដែនកំណត់នៃសេវាថែទាំសុខភាពបន្ដពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ឱ្យបានពេញលេញ ដើម្បីសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ។

គួរឱ្យដឹងដែរថា ការប្រារព្ធទិវានេះ មានគោលបំណងពង្រឹងសេវាថែទាំឆ្មបផ្អែកលើភស្តុតាងថ្មីៗ ដើម្បីលើកកម្ពស់សុខភាពរបស់មាតា និងទារក និង ស្វែងរកការគាំទ្រលើការងាររបស់ឆ្មបក្នុងការជួយសង្រ្គោះជីវិតស្រ្តីនិងទារក ដើម្បីធានាបានូវធនធានគ្រប់គ្រាន់ក្នុងការផ្តល់សេវារបស់ឆ្មប ក៏ដើម្បីអបអរសាទរ និងទទួលស្គាល់តួនាទីនិងស្នាដៃការងារឆ្មបក្នុងខួបលើកទី២៩ឆ្នាំ នៃការបង្កើតសមាគមឆ្មបកម្ពុជា រួមទាំងផ្តល់ចំណេះដឹងអំពីតួនាទីរបស់ឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម លើកកម្ពស់ការយល់ដឹងស្តីពីតួនាទីរបស់ឆ្មបក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និង ចែករំលែកចំណេះដឹង និងបណ្តាញការងារសុខភាពបន្តពូជសុខភាពសុខភាពមាតា និងទារក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក