បាត់ដំបង៖ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែចូលដល់ខេត្តបាត់ដំបងហើយ ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមកីឡា ប្រមាណជាង ៥ ០០០នាក់ចូលរួមនៅក្នុងពិធីនេះ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៣។
នៅតាមដងផ្លូវមានប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករឈរកាន់ទង់ជាតិនៅសងខាងផ្លូវ រង់ចាំទទួលស្វាគមន៍ដល់ក្បួនដង្ហែយ៉ាងរីករាយជាទីបំផុតផងដែរ។
ក្នុងឱកាសនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានសម្តែងសេចក្តីសោមនស្សរីករាយនិងស្វាគមន៍ដ៏កក់ក្តៅដោយស្នាមញញឹមនិងមោទនភាពយ៉ាងក្រៃលែងដែលប្រតិភូរត់ភ្លើងគប់កីឡាស៊ីហ្គេមបាននាំមកនូវព្រះអគ្គិជ័យកីឡាមកដល់ខេត្តបាត់ដំបង។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេក្ខជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា បានឱ្យដឹងថា ការដង្ហែព្រះអគ្គិជ័យកីឡា នៅតាមប្រទេសជាសមាជិកអាស៊ាន ទាំងក្នុងកម្ពុជា គឺជាការបង្ហាញដល់ពិភពលោកពីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រសិនបើមិនមានសន្តិភាព មិនមានទេការអភិវឌ្ឍ ហើយក៏មិនមានព្រឹត្តិការណ៍កីឡានេះនោះឡើយ ដែលនេះជាកីឡារត់ក្នុងសន្តិភាព។
លោកបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បាន កែប្រែប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈការមិនយកថ្លៃទាំងសិទ្ធិផ្សព្វផ្សាយបន្ត សំបុត្រចូលទស្សនា និងការដឹកជញ្ជូនស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ដោយបង្ហាញដល់ពិភពលោកថា កម្ពុជាតូចមែន តែបេះដូងធំ ។
គួរឱ្យដឹងដែរថា ពិធីដង្ហែព្រះអគ្គិជ័យ បានចាប់ផ្ដើមដង្ហែចូលតាមផ្លូវលេខ ១ និងផ្លូវលេខ ៣ ក្នុងក្រុងបាត់ដំបង ដើម្បីយកព្រះអគ្គិជ័យកីឡា ទៅតម្កល់ទុកនៅក្នុងទីអារាម វត្តពោធិវាល ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ដើម្បីធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែចេញពីក្រុងបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងបន្តចូលរាជធានីភ្នំពេញ៕