ភ្នំពេញ៖ សកម្មជនប្រឆាំងលោក អៀ ចាន់ណា ក្រោយពីដឹងកំហុស និងបានសុំទោសនាយករដ្ឋមន្ត្រីត្រូវបានសម្ដេចតេជោទទួលយកការសុំទោស និងបានបញ្ជាដល់រដ្ឋមន្ត្រីយុត្តិធម៌ជួយអន្តរាគមន៍ឲ្យបាននៅក្រៅឃុំ។
សម្ដេចតេជោបានសរសេរដោយអមនូវវីដេអូសុំទោសរបស់លោក អៀ ចាន់ណា ថា៖ «លោក អៀ ចាន់ណា បានធ្វើការសូមទោសចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូនិងលិខិតរបស់គាត់។ ខ្ញុំសូមស្នើរឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន»។
លោក អៀ ចាន់ណា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីវិលចូលប្រទេសកម្ពុជា ហើយបានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
លោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធរឿងដំណើរវិលត្រឡប់លើកទីពីររបស់អ្នកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ២០២១៕