ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ម៉ៃ សុគន្ធ ឱ្យធ្វើការសុំទោសដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញលោក ហុងដា ចេញពីប្រទេស។
សម្ដេចចាត់ទុកការលើកឡើងរបស់លោក ម៉ៃ សុគន្ធ គឺខុសគេតែឯង ដែលស្នើនឹងការប្រមាថមើលងាយដល់ក្រុមកីឡាករកម្ពុជាទាំងមូល។
សម្ដេចថា៖ «កូនធ្វើបែបនេះវាស្មើនឹងទះកំភ្លៀងកីឡាកររបស់យើង»។
សម្ដេចបញ្ជាក់ឱ្យលោក ម៉ៃ សុគន្ធ សុំទោសលោក ហុងដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថារដ្ឋាភិបាលនឹងមិនទុកបញ្ហានេះដោយគ្មានដំណោះស្រាយនោះទេ។
សម្ដេចតេជោថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ៕