បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជជែកតាមខ្សែទូរសព្ទនៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានផ្តោតសំខាន់ទៅលើតម្រូវការជំនួយផ្នែកយោធារបស់អ៊ុយក្រែន។ នេះបើតាមការបញ្ជក់របស់ភាគីទាំងពីរ។
លោក Zelenskyy បានបញ្ជាក់ថា លោកបានធ្វើការពិភាក្សាមួយដ៏វែងឆ្ងាយ និងមានអត្ថន័យជាមួយលោក Macron ក្នុងពេលដែលមេដឹកនាំកំពូលនៃប្រទេសទាំងពីរបានធ្វើការពិភាក្សាលើតួនាទី និងជំហររបស់ខ្លួនទៅលើបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែនដែលកំពុងអូសបន្លាយពេល ហើយក៏ដូចជាការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនេះផងដែរ។
តាមរយៈវីដេអូមួយ លោក Zelenskyy ថ្លែងថា៖ "ខ្ញុំពិតជាមានការថ្លែងអំណរគុណជាខ្លាំងទៅកាន់ប្រទេសបារាំង និងទៅកាន់លោក Emmanuel Macron ផ្ទាល់ដែលបានផ្តល់ការគាំទ្រមកកាន់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើង"។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើការថ្លែងអំណរគុណទៅកាន់ប្រទេសបារាំងដែលបានសន្យាផ្តល់ជំនួយជាអាវុធមកឱ្យកងទ័ពអ៊ុយក្រែនបន្ថែមទៀត។
ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា លោក Macron បានលើកឡើងជាថ្មីអំពីការគាំទ្ររបស់បារាំងសម្រាប់អ៊ុយក្រែនទៅកាន់លោក Zelenskyy ហើយបន្ថែមថាលោក Macron ផ្តល់ព័ត៌មានថ្មីៗស្តីពីការសម្របសម្រួលរបស់អឺរ៉ុប ដើម្បីផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell នៅដើមសប្តាហ៍ថ្មីនេះបានបង្ហាញទំនុកចិត្តថា សហភាពអឺរ៉ុបនឹងបញ្ចប់ផែនការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីទិញគ្រាប់រំសេវផ្តល់ឱ្យទៅកាន់អ៊ុយក្រែន បន្ទាប់ពីពេលកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបង្ហាញពីការខកចិត្តរបស់ខ្លួនចំពោះសភាអឺរ៉ុបដែលមានទំនាស់ជុំវិញបញ្ហាផ្តល់ជំនួយជាសព្វាវុធទៅកាន់អ៊ុយក្រែន៕