ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញវីដេអូរបស់ក្រុមដែលសម្ដេចថាជាអ្នកបំផ្លាញជាតិទាក់ទងនឹងផែនការរបស់ពួកគេប្រឆាំងនឹងការបោះឆ្នោតនាពេលខាងមុខ និងបានផ្ដាំថាមនុស្សសម្ដេចក៏មាននៅក្បែរក្រុមអ្នកទាំងនោះផងដែរ។
សម្ដេចតេជោ បានបង្ហោះសារទាំងយប់ថ្ងៃទី៣០ ខែមេសា ដោយបង្ហាញនូវការសន្ទនារបស់ក្រុមប្រឆាំងលើបណ្ដាញវីដេអូខល Zoom ដោយសម្ដេចថាចាំសម្ដេចជួយផ្សាយឱ្យចុះ និងបានសួរថាតើពួកអ្នកទាំងនោះចង់បំផ្លាញកម្ពុជាដល់ណាទៀត។
សម្ដេចថា៖ «ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេសនិងមានសញ្ជាតិបរទេសមិនស្គាល់សេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសនោះឡើយ។ សូមអ្នកកុំភ្លេចថាបរទេសគ្មានលទ្ធភាពសម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ»។
សម្ដេចតេជោបានលើកឡើងថាពួកអ្នកទាំងនោះមកលេងស្រុកលំបាកបន្ដិចហើយ ព្រោះពួកគេត្រូវបានចាត់ទុកជាក្រុមជ្រុលនិយមបំផ្លាញជាតិ៕