លោក ហ៊ុន ម៉ាណែត៖ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង ២ ឆ្នាំមុន
ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ថ្លែងថាស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង ២ឆ្នាំមុន ខណៈដែលភ្នំពេញនៅពេលនោះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលពិតជាមានការព្រួយបារម្ភចំពោះការវិវត្តទៅមុខនៃស្ថានការណ៍ ពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែលបានកើតមាននៅក្នុងបណ្តាប្រទេសនានាជាច្រើនក្នុងតំបន់ និងសាកលលោកនាពេលនោះ។
លោកបានគូសបញ្ជាក់ថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត សេវាអគ្គិសនី សេវាទឹកស្អាត សេវាអប់រំ សេវាសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន។
លោកបានឱ្យដឹងទៀតថា ទោះបីជាជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង ប៉ុន្តែបន្ទាប់ពីបានជម្នះឆ្លងកាត់មហាគ្រោះភ័យនៃវិបត្តិនេះ ជាពិសេសតាមរយៈជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជាបានខិតខំពុះពាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែតបានថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ “កងទ័ពអាវស” ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩៕