ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៩ ខែមេសានេះបានបញ្ជាក់ថា សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្រាប់ប្រភេទកីឡាបាល់ទះ នឹងត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រចំនួន ៥,០០០ សំបុត្រ នាថ្ងៃទី៣០ ខែមេសាខាងមុខនេះ។
បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា សម្រាប់សំបុត្រចូលរួមទស្សនាការប្រកួតដំបូងនៃប្រភេទកីឡាបាល់ទះ បងប្អូនអ្នកគាំទ្រទាំងអស់អាចអញ្ជើញទៅទទួលសំបុត្រដោយផ្ទាល់ នៅក្លោងទ្វារនៃពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែមេសាស្អែកនេះ ចាប់ពីវេលាម៉ោង ០៦ល្ងាចតទៅ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតដំបូងនៃប្រភេទកីឡាបាល់ទះ (បុរស) នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយម៉ាឡេស៊ី ជួបជាមួយថៃ វេលាម៉ោង១២ថ្ងៃត្រង់ , ហ្វីលីពីន ជួបជាមួយ ឥណ្ឌូណេស៊ី នាវេលាម៉ោង ២៖៣០នាទីរសៀល, មីយ៉ាន់ម៉ា ជួបជាមួយ វៀតណាម នាវេលាម៉ោង ៥ល្ងាច និងកម្ពុជា ជួបជាមួយសិង្ហបុរី នាវេលាម៉ោង ៧៖៣០នាទីយប់។ ការប្រកួតទាំងអស់នឹងធ្វើឡើងនៅក្នុងសាលនៃវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយហ្វីលីពីន, ឥណ្ឌូណេស៊ី និងសិង្ហបុរី ខណៈពូល B មាន ថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕