ភ្នំពេញ៖ ភ្លើងគប់ និងព្រះអគ្គិជ័យកីឡា បានដង្ហែពីខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល មកដល់រាជធានីភ្នំពេញហើយនាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ភ្លើងគប់នឹងតម្កល់ទុកនៅក្នុងវត្តលង្កាព្រះកុសុមារាម ម្តុំវិមានឯករាជ្យ។
ភ្លើងគប់ និងព្រះអគ្គិជ័យកីឡា នឹងតម្កល់ទុកនៅ វត្តលង្កាព្រះកុសុមារាម ដោយមានការរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។ ភ្លើងគប់នឹងដង្ហែចាកចេញពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង បន្តទៅខេត្តជាប់បឹងទន្លេសាប រួចនឹងបន្តត្រឡប់មកភ្នំពេញវិញនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។
ព្រះអគ្គិជ័យកីឡា ចាប់ផ្តើមដង្ហែទៅជុំវិញប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត តាំងពីខែមីនា រហូតដល់ចុងខែមេសា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ នៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលថ្ងៃបើកកម្មវិធីប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕