ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី សណ្ឋាគារ និងខុនដូ បោសសម្អាតទីធ្លា តុបតែងលម្អភ្លើងពណ៌ និងចងទង់ជាតិខ្មែរនៅមុខទីតាំងរបស់ខ្លួនដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-បារ៉ាហ្គេមឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យ គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡា ដោយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ខ្លួនចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភណភាព។
ជាមួយគ្នានេះត្រូវរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំងអគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសួនច្បារ និងទឹកបាញ់ ត្រូវរៀបចំ តុបតែងលម្អភ្លើងពណ៍បំភ្លឺចម្រុះពណ៌ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ។
សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ដើម្បីផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣» ជាមួយរូបតំណាង «បូរី និងរំដួល» និងពាក្យស្លោក «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ និង «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» (Every Day Is A Wonder)។
គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញត្រូវលក់ទំនិញដែលមានបិទស្លាកតម្លៃត្រឹមត្រូវ និងគុណភាពល្អ។ គ្រប់លំនៅឋាន មូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមថែរក្សា និងសម្អាតអនាម័យបរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោស សម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់។
ទន្ទឹមនេះដែរ គ្រប់គេហដ្ឋាន និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការហាល សម្លៀកបំពាក់ ឬសម្ភារប្រើប្រាស់ផ្សេងៗនៅខាងមុខ ឬលើដំបូលគេហដ្ឋានំធ្វើឱ្យប៉ះពាល់ដល់សោភណភាព។ ដោយឡែកចំពោះទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានាស្ថិតនៅតាមបណ្តោយ មហាវិថី និងវិថីសំខាន់ៗនានា ត្រូវរៀបចំធ្វើរបងបិទបាំងទីតាំងរបស់ខ្លួន ឬកែលម្អឱ្យមាន សោភណភាព និងរបៀបរៀបរយល្អ៕