ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យសុំចុះបញ្ជី របស់គណបក្សនយោបាយ ចំនួន ៨ គណបក្ស គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ស្តីពីលទ្ធផលបណ្តោះអាសន្ន ឱ្យដឹងថា ក្នុងរយៈពេលបួនថ្ងៃនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
គណបក្សនយោបាយទាំង៨ ដែលបានចុះបញ្ជីនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សខ្មែរអភិរក្ស។
គួរឱ្យដឹងដែរថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ថ្ងៃ គឺចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕