ភ្នំពេញ៖ អាជ្ញាធរចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ២នាក់ដែលបានលួចចេញពីកន្លែងឃុំឃាំងបណ្តោះអាសន្ននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់មក EAC news ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរខេត្តឧត្តរមានជ័យចាប់បានជនសង្ស័យដែលជាជនជាតិខ្មែរដែលពាក់ព័ន្ធនឹងករណីលួចរថយន្ត ខណៈជនសង្ស័យម្នាក់ទៀតដែលជាជនជាតិនីហ្សេរីយ៉ា អាជ្ញាធរកំពុងតែបន្តស្រាវជ្រាវ និងតាមចាប់ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។
បើតាមអ្នកនាំពាក្យ ជនសង្ស័យ ២នាក់នោះ ដោយម្នាក់ជាជនជាតិបរទេសដែលរងពីបទចោទចាក់សម្លាប់ជនជាតិបរទេស និងជនសង្ស័យម្នាក់ទៀតជាជនជាតិខ្មែរត្រូវវបានឃាត់ខ្លួនពីបទលួចរថយន្តរត់ទៅដល់ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថាមូលហេតុដែលជនសង្ស័យទាំងពីរនាក់អាចរត់ចេញពីមន្ទីរឃុំឃាំងបានគឺដោយសារតែកាលពីយប់ថ្ងៃទី២៥ ខែមេសា កន្លងទៅមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងកន្លែងឃុំឃាំង ខណៈពេលនោះជនសង្ស័យក៏ឆ្លៀតឱកាសហែកគុករត់តែម្តងទៅ៕