
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេលពីរសប្តាហ៍
ភ្នំពេញ៖ ក្នុងយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាលវីរ៉ុស កូវីដ-១៩ ក៏ដូចជាទប់ស្កាត់រលកទីបីនៃវីរ៉ុសកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេស នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងត្រូវអនុវត្តយុទ្ធនាការរយៈពេល ២ សប្តាហ៍នៅទូទាំងប្រទេស។
រដ្ឋាភិបាលបានប្រកាសថាវិធានការណ៍នេះនឹងចាប់ផ្តើមមានប្រសិទ្ធិភាពនៅពាក់កណ្តាលថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃទី១២ ខែសីហា។ សេចក្តីសម្រេចនេះកើតឡើងស្របពេល ការប្រកាសឱ្យអនុវត្តការបិទខ្ទប់នៅតាមបណ្តាលខេត្តចំនួន៨ ជាប់ព្រំដែនប្រទេសថៃ លើកលែងតែការដឹកជញ្ជូនទំនិញនិងករណីបន្ទាន់។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងនេះគឺដើម្បីចៀសវាងការរីករាលដាលបន្ថែមទៀតនៃករណីរីករាលដាលវីរ៉ុស កូវីដ-១៩ ពិសេសប្រភេទដែលតាដែលភាគច្រើនត្រូវបានកត់ត្រាថាមានប្រភពចេញពីពលករចំណាកស្រុកមកពីថៃ។
ក្នុងសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាបានចែងផងដែរថា “គណៈអភិបាលរាជធានី-ខេត្ត ត្រូវដាក់ចេញនូវវិធានការណ៍ចាំបាច់មួយចំនួនដូចជា៖ ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់និង សេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ អាជ្ញាធរអាចសម្រេចហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។”
រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចការជួបជុំរបស់ស្ថាប័នសាធារណៈ, ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាក មកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ការជួបជុំរបស់បុគ្គលិក សុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់ មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់ បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរ មានសមត្ថកិច្ច។
ការដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្តរបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។
រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែល ត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕