ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ពលរដ្ឋឲ្យចូលរួមគាំទ្រទៅដល់កីឡាករជាតិឲ្យបានផលផុសប្រកបដោយឥរិយាបថសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ channel telegram របស់សម្ដេចនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះថា៖ «សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបថ សុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា»។
គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។
បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល ហើយចូលទៅកាន់វិមានឈ្នះ-ឈ្នះ។ ក្បួនដង្ហែនៅក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ និងបន្តទៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៥ ខែឧសភា៕