កាហ្សាក់ស្ថាន៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP បានលុបចោលការប្រណាំងដំបូងនៅកាហ្សាក់ស្ថាន ដោយមូលហេតុនៃការរៀបចំទីលានប្រណាំងមិនទាន់បានរួចរាល់ ហើយក៏ពុំមានគម្រោងក្នុងការជំនួសទីលាននេះឱ្យគ្រប់ការប្រណាំង ២០ទីលានវិញដែរ។ នេះបើតាមការបញ្ជាក់ដោយក្រុមការងារនៃកម្មវិធីនេះ។
គួរបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថានកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានព្រមព្រៀងលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមហ៊ុនទីលានប្រណាំង Sokol International Racetrack ដែលមានទីតាំងស្ថិតនៅក្រៅទីក្រុង Almaty ដែលជាទីក្រុងធំជាងគេបង្អស់របស់កាហ្សាក់ស្ថាន ក្នុងការរៀបចំព្រឹត្តិការណ៍ MotoGP។
ការប្រណាំងសម្ពោធព្រឹត្តិការណ៍នៅលើទឹកដីកាហ្សាក់ស្ថាននេះ គ្រោងធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដានេះ ដែលជាការប្រណាំងទីលានទី៩ ក្នុងចំណោម ២០ទីលានដែលរៀបចំ។ ស្ថាប័ន MotoGP បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "ការបន្តដំណើរការជាមួយកាហ្សាក់ស្ថាននៅតែត្រូវបន្ត ប៉ុន្តែបញ្ហាប្រឈមនៃប្រតិបត្តិការសកលនាពេលបច្ចុប្បន្ន បានតម្រូវឱ្យលុបចោលព្រឹត្តិការណ៍ឆ្នាំ២០២៣"។ យ៉ាងណាមិញ បើតាមការបញ្ជាក់ កាហ្សាក់ស្ថាននៅតែបន្តទទួលការរៀបចំនៅឆ្នាំ២០២៤ ខាងមុខដដែល។
កម្មវិធីដ៏អស្ចារ្យ MotoGP ក៏មានបំណងពង្រីកវត្តមានរបស់ខ្លួននៅអាស៊ី ដោយប្រទេសឥណ្ឌាក៏នឹងជាទីតាំងប្រណាំងមួយផងដែរនាខែកញ្ញានេះ ដោយការប្រណាំងគ្រោងនឹងប្រព្រឹត្តទៅនៅទីលាន Buddh International Circuit ក្បែរទីក្រុង New Delhi។ ការលុបចោលទីលាននៅកាហ្សាក់ស្ថាន នាំឱ្យមានការសម្រាករយៈពេល ៦សប្តាហ៍ក្នុងប្រតិទិននៃការប្រកួត ចន្លោះការប្រណាំងនៅហូឡង់នាថ្ងៃទី២៥ ខែមិថុនា និងការប្រណាំងនៅកម្មវិធី British Grand Prix នាថ្ងៃទី០៦ ខែសីហា៕