ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនឹងត្រូវផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីប្រើប្រាស់ទីតាំងចាស់បច្ចុប្បន្នមុខពហុកីឡដ្ឋានជាតិអូឡាំពិកអស់ជាច្រើនឆ្នាំមកនេះ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្ដូរទៅកាន់ទីតាំងថ្មីទៅអាគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាមក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសជណចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញដែលមានទីតាំងទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ មានផ្ទៃដីទំហំប្រមាន ១,៧ពាន់ម៉ែត្រការ៉េ នឹងត្រូវប្រគល់ទៅឱ្យក្រុមហ៊ុន លី ឈួង ធ្វើការអភិវឌ្ឍន៍៕