ស្ទឹងត្រែង៖ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមឆ្នាំ២០២៣ បានដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសទីម័រឡេស្ត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ប្រតិភូពិសេសបានដង្ហែព្រះអគ្គិជ័យកីឡា មកដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនតាមខេត្តស្ទឹងត្រែង ដែលមានការដឹកនាំរបស់បេសកជនពិសេស រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ហោ សារុន និង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវលោកស្រី ថោង សុគន្ធារី ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។
ក្នុងដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ នឹងទទួលការស្វាគមន៍ពីទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC លោក ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង។
ក្រោយពិធីដង្ហែព្រះអគ្គិជ័យកីឡាមកដល់ខេត្តស្ទឹងត្រែង ក្បួនដង្ហែព្រះអគ្គិជ័យកីឡានឹងហែរឆ្ពោះមកកាន់ទីរួមខេត្តស្ទឹងត្រែង ហើយចេញដំណើរពីច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ឆ្ពោះមកក្រុងស្ទឹងត្រែងតាមផ្លូវជាតិ លេខ៧ (ផ្លូវអាស៊ានលេខ១១) ភាដុងក្រឡ ភូមិគីឡូលេខ៨ និងគល់ស្ពានសេកុង។
បន្ទាប់មកតំណាង CAMSOC លោក នី ផល្លី នឹងប្រគល់ព្រះអគ្គិជ័យកីឡាជូន អនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC លោក ស៊ុន ចាន់ថុល ដើម្បីកាន់ព្រះអគ្គិជ័យកីឡារត់ដង្ហែតាមមាត់ទន្លេ ពីចំណុចគល់ស្ពានសេកុង ឆ្ពោះមកកាន់ស្ពានមេគង្គ អមដោយលោក នី ផល្លី ព្រមទាំងកីឡាករ កីឡាការិនីសហព័ន្ធកីឡាហែលទឹក និងកីឡាករ កីឡាការិនីខេត្តស្ទឹងត្រែង និងបន្តដង្ហែឆ្ពោះទៅកាន់វេទិកានៅមុខសាលាខេត្តស្ទឹងត្រែង។
ព្រះអគ្គិជ័យកីឡានឹងប្រគល់បន្តជូនអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង នៅវេទិកាមុខសាលាខេត្ត ដើម្បីចាប់ផ្តើមដង្ហែព្រះអគ្គិជ័យកីឡាក្នុងក្រុងស្ទឹងត្រែង មុននឹងដង្ហែទៅតម្កល់រក្សាទុកនៅវត្តស្រះកែវមុន្នីវណ្ណ (វត្តលើ) ដោយនឹងមានរៀបចំពិធី សាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងបាញ់កាំជ្រួចអបអរសាទរដោយរដ្ឋបាលខេត្តផងដែរ៕