ភ្នាក់ងារទេសចរណ៍មានតួនាទីសំខាន់ផ្តល់នូវសន្តិសុខ សុវត្ថិភាព ដល់ទេសចរគ្រប់ជាតិសាសន៍ក្នុងរមណីយដ្ឋានអង្គរ
សៀមរាប៖ ក្រៅពីការណែនាំទិសដៅទស្សនា និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទជូនដល់ភ្ញៀវទេសចរ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតែងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងជាយថាហេតុលើភ្ញៀវទេសចរកំពុងដើរទស្សនានៅតំបន់រមណីយដ្ឋានអង្គរផងដែរ។
អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាក់ស្តែងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវទេសចរមានគ្រោះថ្នាក់ទាន់ពេលវេលា និងរក្សាទុកសម្ភារដែលភ្ញៀវជ្រុះឬភ្លេចដើម្បីប្រគល់ជូនម្ចាស់វិញជាដើមផងដែរ។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត លោក ឡេក គិមលីន លើកឡើងថា កន្លងមកមានករណីភ្ញៀវរអិលជំពប់ជើងបណ្តាលឱ្យដួល គ្រិច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ក្បាលប៉ះជាមួយថ្មជាដើម។
លោកបន្ថែមថា ចំពោះករណីស្រាល ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌជួយសង្គ្រោះទាន់ពេលវេលានៅនឹងកន្លែង។ ចំពោះករណីធ្ងន់វិញ ត្រូវសង្រ្គោះបឋមដោយធ្វើ CPR ដោយក្រុមការងារសុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែកសង្គ្រោះបឋម និងបញ្ជូនបន្តទៅមន្ទីរពេទ្យភ្លាមៗ។
ដោយឡែក ករណីភ្ញៀវទេសចរជ្រុះ ឬភ្លេចសម្ភារ ក៏ភ្នាក់ងារទេសចរណ៍ សហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។
គួរឱ្យដឹងដែរថា សកម្មភាពទាំងនេះ តែងតែត្រូវបានទទួលការកោតសរសើរ និងអរគុណពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕