ព្រះសីហនុ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង ១០ភាគរយ។
លោក លូ គឹមឈន់ បានឱ្យដឹងដូចនេះ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយថាក្នុងឆ្នាំ២០១៨ ការចេញចូលទំនិញមានកំណើតដល់ទៅ ២២ភាគរយ ឆ្នាំ២០១៩ កើនឡើង ២២ភាគរយ ឆ្នាំ២០២០ និង៣ឆ្នាំចុងក្រោយ មានការកើនឡើងក្នុងរង្វង់ជាង ១០ភាគរយ។
លោកបានបញ្ចាក់ថា នេះជាកំណើនមួយខ្ពស់ និងមានការកកស្ទះចរាចរណ៍ទំនិញនៅក្នុងកំពង់ផែ ដែលការកកស្ទះទំនិញនេះ ទើបអាចមានគម្រោងអភិវឌ្ឍន៍ និងពង្រីកចំណតកំពង់ផែ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ទើបធ្វើឱ្យមានការយឺតយ៉ាវ។
លោក លូ គឹមឈន់ គូសបញ្ជាក់ថា ដើម្បីជំរុញឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាន់តែមានភាពមមាញឹក និងមានលក្ខណៈ ងាយស្រួល ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើនថែមទៀតនោះ កំពង់ផែដែលទទួលបានជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាង់សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១២ និងកប៉ាល់ចំនួនចន្លោះពី១៦ ទៅ ១៨កប៉ាល់ បានចេញចូលកំពង់ផែជាទៀងទាត់។
ជាមួយគ្នានេះ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងដែរថា កំពង់ផែព្រសីហនុ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងពិភពលោក ដោយការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនេះបានគ្របដណ្តប់ប្រមាណជិត ៧០ភាគរយ។
លោកប្រធានសមាគមភស្តុភារកម្មរូបនេះ បានបញ្ជាក់ថា ការវិនយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមរបស់កំពង់ផែក្រុងព្រះសីហនុ ជាការជំរុញកំណើនសេដ្ឋកិច្ច ដោយរំពឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែជាបន្តបន្ទាប់ នឹងធ្វើការឱ្យការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសនានា កាន់តែសកម្មថែមទៀត។
គួរឱ្យដឹងដែរថា យោងតាមរបាយការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ តម្លៃគម្រោង ២០៣លានដុល្លារ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ ត្រូវបានអនុញ្ញាត ៩៣ភាគរយ នៃនាវាកុងតឺន័រ ដែលមានសមត្ថភាពផ្ទុក ៤ ០០០TEUs (៦០ ០០០DWT) ចូលកំពង់ផែក្រុងព្រះសីហនុ។ ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាលនៃ២០២៦ ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជាអាចប្រៀបធៀបជាមួយប្រទេសជិតខាងបាន ដោយសមត្ថភាពអាចឱ្យកុងតឺន័រ ៤៥០ ០០០TEUs ក្នុងមួយឆ្នាំ៕