រដ្ឋមន្រ្តីទេសចរណ៍៖ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ជាវេទិកាកិច្ចសហប្រតិបត្តិការទូលំទូលាយដើម្បីចែករំលែកការអនុវត្តល្អៗក្នុងតំបន់ GMS
ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ថ្លែងថា វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ជាវេទិកាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេសចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។
លោក ថោង ខុន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងមានការចូលរួមពីប្រតិភូជាង ២៥០រូប មកពី ១៩ប្រទេសចូលរួម រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោក ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់ បន្តអនុវត្តយ៉ាងសកម្មនូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥ បង្កើនការចូលរួមសកម្មភាពភាពជាដៃគូសាធារណៈ និងឯកជន និងជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ប្រទេសចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ។
ជាមួយគ្នានេះលោកក៏ស្នើឱ្យជម្រុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញនូវវិស័យទែសចរណ៍របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព និង បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។
លោកបានបង្ហាញក្តីរំពឹងថា ភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ និងឯកជននឹងបង្កើតឱកាសពិសេសមួយដើម្បីជម្រុញក្របខ័ណ្ឌប្រកបដោយការច្នៃប្រឌិត និងកិច្ចសហការសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ឆ្ពោះទៅរកភាពធន់នៅក្នុងយុគសម័យក្រោយវិបត្តិជំងឺកូវីដ-១៩ និងនាំយកមកវិញនូវអ្វីដែលបានបាត់បង់ក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងចំណូលទេសចរណ៍។
គួរឱ្យដឹងដែរថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,២៨លាននាក់ ក្នុងនោះទេសចរ ១,៥លាននាក់ មកពីប្រទេស GMS ដោយរកចំណូលបានប្រមាណ ១ ៤១៥ ពាន់លានដុល្លារ។ ដោយឡែកភ្ញៀវទេសចរក្នុងស្រុក មានចំនួនជិត ១៤លាននាក់ ដែលរកចំណូលបានប្រមាណ ៦៥០ លានដុល្លារ រួមចំណែកប្រមាណ ៣,៦% នៃ GDP សរុប៕