មីយ៉ាន់ម៉ា៖ អតីតប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) នៅថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងដោយស្នើឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសដែលកំពុងតែមានជម្លោះរបស់ខ្លួន និងចូលរួមជាមួយគូប្រជែងនានាក្នុងគោលបំណងដើម្បីបញ្ចប់វិបត្តិនយោបាយបង្ហូរឈាមដែលកំពុងកើតមាន។
គួររំឮកថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលរបស់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នានៅស្ទើរទូទាំងប្រទេស និងបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះដុនដាបជាខ្លាំង។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយវិបត្តិនយោបាយត្រូវបានជាប់គាំង ត្បិយរបបយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Min Aung Hlaing មិនអើពើនឹងការរិះគន់អន្តរជាតិចំពោះការបង្រ្កាបដ៏ឃោរឃៅរបស់ខ្លួនទៅលើអ្នកដែលមិនពេញចិត្តរដ្ឋាភិបាល និងក្រុមគូប្រជែងនយោបាយរបស់ខ្លួន។ លោក Ban Ki-Moon បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលលោកបានជួបជាមួយប្រមុខរដ្ឋាភិបាលលោកឧត្តមសេនីយ៍ Min Aung Hlaing និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនថា របបយោធាត្រូវតែបោះជំហានដំបូងរបស់ខ្លួន ទើបអាចដោះស្រាយបញ្ហានេះបាន។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋបាលស្រមោលគ្រប់គ្រងដោយសមាជិកសភាមកពីគណបក្សរបស់លោកស្រី Aung San Suu Kyi ដែលកំពុងព្យាយាមធ្វើការដើម្បីផ្តួលរំលំរដ្ឋប្រហារនេះក៏ត្រូវតែជាផ្នែកមួយដ៏សំខាន់នៃ "ដំណោះស្រាយយូរអង្វែង" នេះផងដែរ។
កន្លងមក ក្រុមរដ្ឋាភិបាលយោធាពុំបានបង្ហាញពីឆន្ទៈណាមួយក្នុងការចូលរួមជជែកទល់នឹងរដ្ឋាភិបាលស្រមោលឡើយ ដោយក្រុមនេះត្រូវបានរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថាជាក្រុមភេរវករ។ ដោយឡែក ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលថាបានសម្លាប់រង្គាល ដុតភូមិ និងប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំដើម្បីដាក់ទណ្ឌកម្មសហគមន៍ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយគូប្រជែងរបស់ខ្លួន។
ថ្មីៗនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់យោធាលើភូមិមួយនៅក្នុងចំណុចក្តៅនៃការតស៊ូក្នុងខែនេះ ក៏បានសម្លាប់មនុស្សជាង ១៧០នាក់ផងដែរ៕