ភ្នំពេញ៖ យុវជនសង្គមស៊ីវិលមួយក្រុមដែលធ្លាប់ជាអ្នកដើរតាម និងជឿតាមនយោបាយរបស់លោក សម រង្ស៊ី ពេលនេះចេញមុខប្រកាសប្រឆាំងនឹងលោក សម រង្ស៊ី វិញម្ដងបន្ទាប់ពីមើលឃើញថាការដើរតាមលោក សម រង្ស៊ី កាលពីកន្លងទៅមិនអាចធ្វើឱ្យមានដំណោះស្រាយនោះទេ មានតែផុងខ្លួនកាន់តែជ្រៅនិងគ្រោះថ្នាក់ដល់ខ្លួននិងប្រទេសជាតិថែមទៀត។
ប្រធានស្នាក់ការយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នៅស្នាក់ការក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញថា ការដើរតាមលោក សម រង្ស៊ី កាលពីកន្លងទៅគឺបានធ្វើឱ្យពួកគេយល់ច្បាស់ថានយោបាយរបស់លោក សម រង្ស៊ី មិនមែនដើម្បីជាតិប្រជាជននោះទេគឺដើម្បីតែខ្លួនឯងប៉ុណ្ណោះ។
លោកបន្ថែមថាការចូលរួមបន្តជាមួយនយោបាយរបស់លោក សម រង្ស៊ី នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួន និងជាតិជាមិនខាន។
លោកថា៖ «ដូចយុវជនអង្គការសង្គមស៊ីវិលមួយចំនួនបច្ចុប្បន្ននេះ គាត់ធ្វើការងារឱ្យសង្គមមែនតែសកម្មភាពមួយចំនួនគឺបានរុញច្រានទៅឱ្យគណបក្សប្រឆាំងចំណេញលើរូបភាព។ ផ្ទុយទៅវិញតើគាត់បានចំណេញលើខ្លួនឯងវិញឬអត់រាប់សិបឆ្នាំមកនេះ? ប្រកដណាស់គឺអត់ហើយបើយើងចូលរួមជាមួយរដ្ឋាភិបាល ចូលរួមជាមួយសកម្មភាពល្អៗមិនត្រឹមតែអត់ប៉ះពាល់ដល់ខ្លួនឯងហើយផ្ទុយទៅវិញគឺមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរដ្ឋយើងទៀត»។
លោកបានអំពាវនាវដល់យុវជនឱ្យរំដោះខ្លួនចេញពីមនោគមន៍វិជ្ជានយោបាយរបស់លោក សម រង្ស៊ី ដើម្បីសង្គមសុខសាន្តរបស់កម្ពុជា។
ប្រធានបណ្ដញយុវជនខ្មែរមហានគរលោក ម៉ៅ ស៊ីថា បានថ្លែងថាបានអំពាវនាវឱ្យយុវជននិងពលរដ្ឋឈប់ជឿលើនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកដែលថាជានយោបាយដែលគ្មានមនោសញ្ចេតនា ឱ្យតម្លៃបរទេស និងមិនស្រលាញ់ជាតិសាសន៍របស់ខ្លួន។
លោកថា៖ «ការធ្វើរបស់គាត់មានតែប៉ុលពតទេដែលអាចធ្វើទៅបាន»។
ក្មួយប្រុសបង្កើតរបស់លោក កែម ឡី គឺលោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវដល់យុវជន និងពលរដ្ឋសូមងាកចូលរួមជាមួយរដ្ឋាភិបាលដើម្បីរក្សាសន្ដិភាពសម្រាប់កម្ពុជា។
យុវជនទាំងប៉ុន្មានខាងលើគឺសុទ្ធតែជាអ្នកដែលធ្លាប់ដើរតាមលោក សម រង្ស៊ី ពីមុខថែមទាំងជាអ្នកចេញមុខបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលផងដែរ តែពេលនេះពួកគេប្រកាសនឹងចេញមុខប្រឆាំងនឹងមនោគមន៍វិជ្ជានយោបាយរបស់លោក សម រង្ស៊ី វិញម្ដង ថែមទាំងផ្ដាំទៅគណបក្សណាដែលប្រើប្រាស់នយោបាយស្រដៀង សម រង្ស៊ី ក៏ជាអ្វីដែលក្រុមយុវជនទាំងនោះប្រឆាំងផងដែរ។
លោក ហេង សំណាង៖ «ទាំងផ្លូវច្បាប់ ទាំងការបកស្រាយ នេះខ្ញុំចង់បញ្ជាក់ទៅគណបក្សប្រឆាំងថាបើអ្នកធ្វើការផ្សព្វផ្សាយដែលមិនផ្ដល់ប្រយោជន៍ដល់សង្គមជាតិទេទៅជាកេងចំណេញប្រឌិតរឿងបោកប្រាស់អ្នកគាំទ្រខ្លួនប្រាកដណាក្រុមយុវជនយើងនឹងចេញចាប់ផ្ដើមឆ្លើយតបតែម្ដង»។
សម រង្ស៊ី កើតឆ្នាំ១៩៤៩ គឺជាកូនរបស់លោក សម សារី និងត្រូវជាចៅរបស់លោក សម ញាន។ ឪពុករបស់លោក សម រង្ស៊ី លោក សម សារី ត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តម សីហនុ ចាត់ទុកជាមេក្បត់ជាតិដ៏ធំនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបែកធ្លាយផែនការបាងកក ដែលមាន សម សារី ជាភាគីដើម្បីធ្វើសកម្មភាពប្រឆាំងនយោបាយអព្យាក្រឹត្យរបស់កម្ពុជា និងគ្រោងផ្ដួលរំលំរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ នៅខែមករា ឆ្នាំ១៩៥៩ រដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុ បានចេញបញ្ជាតាមចាប់ខ្លួនលោក សម សារីត និងបក្សពួកមកផ្ដន្ទាទោសផងដែរ តែបានរត់គេចខ្លួនបាត់តាំងពីពេលនោះមក។
កាលពីខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនូវយុទ្ធសាស្ត្រ IF កាត់ផ្ដាច់មនោគមន៍វិជ្ជានយោបាយទណ្ឌិត សម រង្ស៊ី។ សម្ដេចចាត់ទុកថាមនោគមវិជ្ជានយោបាយរបស់លោក សម រង្ស៊ី ដែលញុះញង់ បំបែបបំបាក់ ប្រមាទព្រះមហាក្សត្រជានយោបាយដែលនាំខ្មែរធ្លាក់ក្នុងសង្គ្រាមដែលត្រូវកំចាត់ឱ្យបានចេញពីកម្ពុជា៕