ប៉ូឡូញ៖ ក្រុមហ៊ុនអាកាសចរណ៍ LOT បានបញ្ជាក់កាលពីយប់ថ្ងៃអង្គារនេះថា កីឡាការិនីវាយកូនបាល់ជនជាតិរុស្សីម្នាក់ត្រូវបានបដិសេធមិនឱ្យឡើងយន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ប៉ូឡូញ LOT ដែលសកម្មភាពនេះត្រូវបានរងការរិះគន់ជាខ្លាំងពីអត្តពលិករូបនេះនៅជុំវិញលើបណ្ដាញសង្គមរបស់ខ្លួន។
កីឡាការិនីវាយកូនបាល់ Vitalia Diatchenko បាននិយាយកាលពីថ្ងៃចន្ទថា នាងត្រូវបានគេបដិសេធមិនឡើងយន្តហោះ LOT នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Cairo ប្រទេសអេហ្ស៊ីប ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដែលក្រោយមកក្រុមហ៊ុនអាកាសចរណ៍នេះក៏បានបដិសេធមិនលក់សំបុត្រឱ្យនាងដូចគ្នា។
កីឡាការិនី Diatchenko បានសរសេរថា៖ "ខ្ញុំបានគេងនៅអាកាសយានដ្ឋាន ហើយត្រូវបានគេចាត់ទុកដូចជាពលរដ្ឋថ្នាក់ទាបដោយសារតែសញ្ជាតិរបស់ខ្ញុំ។ ហើយខ្ញុំបានចំណាយប្រាក់អស់រាប់ពាន់អឺរ៉ូកំឡុងស្នាក់នៅក្នុងអាកាសយានដ្ឋាន"។ ស្ត្រីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា នាងមានភារកិច្ចចូលរួមប្រកួតកម្មវិធីវាយកូនបាល់នៅឯកោះ Corsica ដោយធ្វើដំណើរកាត់តាមទីក្រុង Warsaw ប្រទេសប៉ូឡូញ និងទីក្រុង Nice ប្រទេសបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល ក្រុមហ៊ុន LOT បានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យកីឡាការិនីរូបនេះធ្វើដំណើរ ដោយមូលហេតុនៃការរឹតបន្តឹងដែលណែនាំដោយក្រសួងមហាផ្ទៃរបស់ប្រទេសប៉ូឡូញអំឡុងពេលជំងឺរាតត្បាត COVID-19 និងបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សហភាពអឺរ៉ុបបានហាមឃាត់រាល់ជើងហោះហើរពីប្រទេសរុស្ស៊ី ហើយបានយល់ព្រមកំណត់ការចេញទិដ្ឋាការតំបន់ Schengen ការធ្វើដំណើរដោយឥតគិតថ្លៃ។ កាលពីខែកញ្ញា ហ្វាំងឡង់បានចូលរួមជាមួយរដ្ឋតំបន់បាល់ទិក និងប៉ូឡូញ ក្នុងការបិទព្រំដែនរបស់ខ្លួនចំពោះភ្ញៀវទេសចររបស់រុស្ស៊ី។
គួរបញ្ជាក់ថា កីឡាការិនី Diatchenko មានចំណាត់ថ្នាក់លេខ ២៥០ លើតារាងពិភពលោកនៃសមាគមវាយកូនបាល់នារី ត្រូវបានគេលក់ឱ្យតែសំបុត្រយន្តហោះដែលអាចចូលបានតែតំបន់ Schengen តាមរយៈប្រទេសអេស្ប៉ាញប៉ុណ្ណោះ។ មិនដូចកីឡានានាជាច្រើនទៀតឡើយ កីឡាវាយកូនបាល់មិនបានណែនាំពីការហាមប្រាមលើកីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារុស្សឡើយ បើទោះជាកីឡាជាច្រើនបានប្រកាសហាមឃាត់អត្តពលិកមកពីរុស្សី និងបេឡារុស្ស៕